អភិបាលរាជធានីភ្នំពេញបញ្ចេញកណ្តាប់ដៃបង្រ្កាបល្បែងសុីសងគ្រប់ប្រភេទ
ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាក់ពីវិធានការដ៏ម៉ឺងម៉ាត់ នៃការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទនៅរាជធានីភ្នំពេញ ដែលកំពុងកើតមានឡើង និងកំពុងលេងភ្នាល់គ្នាយ៉ាងគគ្រឹក គគ្រេង។
ផែនការបង្ក្រាបល្បែងស៊ីសងទាំងនេះ អភិបាលរាជធានីភ្នំពេញ នឹងបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរបស់ខ្លួននៅពេលខាងមុខដ៏ខ្លីនេះផងដែរ។
លោក ឃួង ស្រេង បានថ្លែងថា លោកបានដាក់ផែនការឲ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ ហើយឈានទៅដល់ការបង្ក្រាបល្បែងនៅរាជធានីភ្នំពេញ។ លោកបញ្ជាក់ថា «ខ្ញុំបានដាក់ផែនការនេះ ឲ្យស្នងការរាជធានីភ្នំពេញ ចុះធ្វើការស្រាវជ្រាវ ហើយឈានទៅដល់ការបង្ក្រាបតែម្ដង ពីព្រោះវាដូចជាគគ្រឹក គគ្រេងពេកហើយខ្ញុំនឹងបើកកិច្ចប្រជុំ គណៈបញ្ជាការឯកភាពលើរឿងនេះផងដែរ»។
ជាក់ស្ដែង កាលពីម្សិលមិញ លោកអភិបាលបានបញ្ជាឲ្យអាជ្ញាធរខណ្ឌដូនពេញ ចុះបង្ក្រាបទីតាំងលួចបើកហ្គេម និងចាក់បាល់មួយកន្លែង គ្មានស្លាកយីហោ នៅសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ ដោយឃាត់ខ្លួនអ្នកប្រចាំការប្រុសស្រី២នាក់ ព្រមទាំងវត្ថុតាងមួយចំនួនទៀតផងដែរ៕
ដោយ៖ ខ្មែរ៧មករា
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។