រដ្ឋបាលខេត្តសៀមរាប រៀបចំការប្រកួត អុកចត្រង្គ កីឡាប៉េតង់ និងការប្រកួតធ្វើម្ហូប សម្រាប់មន្រ្ដីរាជការនៅសាលាខេត្ដ
ដើម្បីផ្តល់ឱកាសឱ្យមន្រ្តីរាជការបានជួបជុំគ្នាសប្បាយ និងលើកទឹកចិត្តឱ្យចេះសាមគ្គីគ្នាក្នុងការបំពេញការងារផងនោះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំឱ្យមានការប្រកួតពានរង្វាន់អុកចត្រង្គ ប្រកួតប៉េតង់ និងការប្រកួតធ្វើម្ហូប ដែលអ្នកចូលរួមប្រកួតគឺជាមន្រ្តីរាជការបម្រើការងារនៅរដ្ឋបាលខេត្តទាំងអស់។ ការប្រកួតនេះ ធ្វើឡើង កាលពីថ្ងៃទី១៨ខែឧសភាឆ្នាំ២០១៩។
ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ការជួបជុំនៃមហាគ្រួសារមន្ត្រីសាលាខេត្តសៀមរាបនាថ្ងៃនេះ គឺជាការលើកទឹកចិត្តដល់មន្ត្រីរាជការទាំងអស់ ឱ្យចេះរួមសហការគ្នា សាមគ្គីគ្នា ជាគ្រួសារមន្ត្រីតែមួយ ដើមី្បបំពេញភារកិច្ចជូនជាតិមាតុភូមិ ក៏ដូចជាកិច្ចអភិវឌ្ឍន៍ខេត្តសៀមរាប ឱ្យកាន់តែមានភាពរីកចម្រើនឡើងថែមទៀត។ ឯកឧត្តមបានបន្ដថា នេះក៏ជាការផ្តល់ឱ្យកាសឱ្យមន្រ្តីទាំងអស់បានជួបជុំគ្នាសប្បាយរីករាយនៅថ្ងៃឈប់សម្រាកផងដែរ។
ឯកឧត្តមបានបន្តទៀតថា ការជួបជុំមន្ត្រីសាលាខេត្តនាថ្ងៃនេះ ក៏បានបង្ហាញនូវស្មាដៃ និងស្មារតី បញ្ញា ភាពវ័យឆ្លាតរបស់មន្ត្រីនៅតាមទីចាត់ការ និងអង្គភាព នីមួយៗ អំពីការចេះកែច្នៃប្រឌិតក្នុងការធ្វើម្ហូម ការងារកីឡា និងការគិតពិចារណាឈ្លាសវៃរបស់មន្ត្រីក្នុងការសម្រេចទៅលើកិច្ចការធំៗទាំងឡាយដែលខេត្តប្រគល់ជូន។ ឯកឧត្តមអភិបាលខេត្ដលើកឡើងថា កត្តានេះហើយ ទើបរដ្ឋបាលខេត្ត បង្កើតនូវវិញ្ញាសាចំនួន៣ ក្នុងការប្រកួតប្រជែង ដណ្តើមជ័យលាភីសាលាខេត្ត ប្រចាំឆ្នាំ២០១៩ ទាំងវិស័យកីឡា និងសិល្បៈ ក្នុងការធ្វើម្ហូបនេះឡើង។ ឯកឧត្តមបានបន្ថែមថា នៅឆ្នាំបន្តបន្ទាប់រដ្ឋបាលខេត្តនឹងជ្រើសរើសនូវវិញ្ញាសាប្លែកៗទៀត ដើមី្បយកមកធ្វើការប្រកួតប្រជែង រកនូវក្រុមឆ្នើមៗ ពីមន្ត្រីនៃសាលាខេត្តសៀមរាប ហើយក៏ជាប្រពៃណីមួយ ដែលជាថ្នាក់ដឹកនាំមិនអាចកាត់ផ្តាច់បានឡើយនូវការផ្សាភ្ជាប់ជាមួយថ្នាក់ក្រោម និងមូលដ្ឋាន ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសជាតិទៅពេលអនាតគ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។