«នស២រ»ហាងយីហោខ្មែរដំបូងចូលរួមលើកស្ទួយវិស័យសិល្បៈគំនូរ និងរូបភាពនៅកម្ពុជា
«នស២រ» ជាហាង តែ នំ និងកាហ្វេ យីហោខ្មែរបង្កើតដោយកូនខ្មែរដំបូង ដែលទទួលបានការគាំទ្រយ៉ាងច្រើនពីស្រទាប់យុវវ័យ សិស្ស-និស្សិត បុគ្គលិកក្រុមហ៊ុន អង្គការផ្សេងៗ តាម រយៈផលិតផលដែលមានគុណភាពខ្ពស់ បរិយាកាសនិងសេវាកម្មល្អ ពីសំណាក់បុគ្គលិកផ្ទាល់។
ក្រៅពីទទួលបានការគាំទ្រពីសំណាក់មហាជនតាមរយៈផលិតផល និងសេវាកម្ម ហាង ដែលបានបង្កើតដោយកូនខ្មែរ យីហោខ្មែរនេះ ក៏បានចូលរួមចំណែកដំបូងគេក្នុងការលើកស្ទួយលើវិស័យសិល្បៈគំនូរ និងរូបភាពនៅកម្ពុជាផងដែរ។
លោក ហួន សុមន្នី ប្រធានគ្រប់គ្រងទូទៅហាង «នស២រ» បានថ្លែងប្រាប់ឲ្យដឹងថាចំពោះផ្លែផ្កាដែលកើនមានតាមយៈការគាំទ្រយ៉ាងច្រើនពីមហាជននេះ «នស២រ» ក៏បានយកចិត្តទុកដាក់នឹងចូលរួមការងារសង្គមជាច្រើនផងដែរ។
លោកបានបន្ដថា «នស២រ» តែងតែយកចិត្ដទុកដាក់ចំពោះវិស័យសិល្បៈគំនូរនិងរូបភាពដែលគូ និងថតដោយកូនខ្មែរ តាមរយៈការបានបង្កើតកម្មវិធីពិព័រណ៌ស្នាដៃគំនូរ និងរូបភាពនឹងបានយកស្នាដៃទាំងនោះមកដាក់តាំងបង្ហាញនៅក្នុងហាងរបស់យើងជារៀងរាល់ខែ ចំពោះស្នាដៃណាដែលម្ចាស់ស្នាដៃដែលមានទេពកោសល្យ ដើម្បីជួយជំរុញ និងលើកកម្ពស់វិស័យនេះ ឲ្យរឹតតែផុសផុលឡើងថែមមួយកម្រិតទៀត »។
ដោយទទួលបានលទ្ធផល និងការគាំទ្រយ៉ាងច្រើន ពីមហាជនចំពោះការធ្វើពិព័រណ៌នេះ «នស២រ» នឹងធ្វើកម្មវិធីដាក់តាំងបង្ហាញ ស្នាដៃសិល្បៈគំនូរ និងរូបភាពនេះ ដែលរួមមានស្នាដៃរបស់យុវជន កេត មុន្នីរ័ក្ស និស្សិតមកពីវិទ្យាស្ថានសិល្បៈភ្នំពេញអន្តរជាតិ (PPIIA) នាដើមខែធ្នូនេះ និង ការពិព័រណ៌សិល្បៈគំនូរនឹងរូបភាពដែលជាស្នាដៃរបស់ប្អូនប្រុស លី ពុទ្ធីរៈ និស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ(RUFA) ។
លោក សុមន្នី បានឲ្យដឹងថា «នស២រ» នឹងបន្តធ្វើនូវសកម្មភាពរបស់ខ្លួនក្នុងគោលបំណងគាំទ្រ ជំរុញ ព្រមទាំងផ្តល់ឱកាស ដើម្បីបង្ហាញពីទេពកោសល្យ គំនិតច្នៃប្រឌិត ក៏ដូចជាការចែករំលែកនូវចំណេះដឹងនិងបទពិសោធន៍ ដល់បងប្អូនដែលចូលចិត្ត និងស្រលាញ់វិស័យសិល្បៈគំនូរ និងរូបភាពនេះ។
លោកបន្ថែមថា«តាមរយៈកម្មវិធីនេះ នស២រ ចង់ឲ្យកូនខ្មែរមានសេចក្តីក្លាហាន និងហ៊ានបង្ហាញពីសមិទ្ធផល ដែលជាស្នាដៃរបស់ខ្លួន ហើយសំរាប់បងប្អូនដែលមានជំនាញផ្សេងៗទៀត មានបំណងចង់បង្ហាញពីស្នាដៃរបស់ខ្លួនក៏អាចចូលរួមបានដែរ មានដូចជាវិស័យថតរូបជាដើម»។
មិនត្រឹមតែ បានចូលរួមចំណែក ចំពោះវិស័យគំនូរប៉ុណ្ណោះទេ តែ «នស២រ» បានរួមចំណែកយ៉ាងសកម្ម ក្នុងកិច្ចការងារសង្គមជាច្រើនដូចជា៖ ការចូលរួមបរិច្ចាគឈាម ការឧបត្ថម្ភទៅលើកុមារនៅសាលាដូង ការរើសសម្រាម សំអាតទីក្រុង ការលើកកម្ពស់ការអានសៀវភៅ ដោយដាក់តាំងសៀវភៅសំរាប់ឲ្យភ្ញៀវអាន និងការចូលរួមលើកកម្ពស់សិល្បៈភ្លេងបុរាណខ្មែរជាដើម។
គួរបញ្ជាក់ថា ហាង «នស២រ» គឺជាហាង តែ នំ និងកាហ្វេ ដំបូងបំផុតដែលមានវត្តមាននៅកម្ពុជា ត្រូវបានបង្កើតឡើងដោយស្ថាបនិកជាកូនខ្មែរក្នុងឆ្នាំ២០១០ រហូតមកដល់ពេលនេះ នស២រ មានសាខាសរុបចំនួន ៦កន្លែងនៅទីក្រុងភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។