អ្នក​រៀបចំ​ថា​ ​Khmer​ ​Rally​ ​Raid​ ​2019​ ​បាន​បញ្ចប់​ដោយ​ជោគជ័យ​

ព្រឹត្តិ​ការណ៍​កីឡា​ប្រណាំង​រថយន្ត​ឆ្លងកាត់​ឧបសគ្គ​ ​Khmer​ ​Rally​ ​Raid​ ​២០១៩​ ​ដែល​រៀបចំ​ ​ដោយ​ក្លិប​ ​KARA​ ​សហការ​ជាមួយនឹង​ក្រសួងបរិស្ថាន​ ​និង​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា​ ​បាន​បញ្ចប់​ដោយ​ជោគជ័យ​ ​កាលពី​ល្ងាច​ទី២០​ ​ខែឧសភា​ ​ដើម​សប្តាហ៍​នេះ​ ​នៅ​ខេត្តសៀមរាប​ ​បន្ទាប់ពី​ធ្វើការ​ប្រណាំង​រយៈពេល៣ថ្ងៃ​ឆ្លងកាត់​ខេត្ត​ ​ចំនួន៣​ ​គឺ​ខេត្តកំពង់ធំ​ ​ខេត្តព្រះវិហារ​ ​និង​ខេត្តសៀមរាប​ ​លើ​ចម្ងាយផ្លូវ​ ​៦២៤គីឡូម៉ែត្រ​។​

​លោក​ ​ហូ​ ​សិទ្ធ​គុណ​ ​អ្នក​រៀបចំ​ព្រឹត្តិ​ការណ៍​ ​Khmer​ ​Rally​ ​Raid​ ​បាន​វាយតម្លៃ​ថា​ ​កម្មវិធី​នេះ​ទទួល​បាន​ជោគជ័យ​ដោយមាន​ការ​គាំទ្រ​ពី​បណ្តា​ខេត្ត​ទាំង៣​ ​ជាពិសេស​ការចូលរួម​ ​យ៉ាងច្រើន​ពី​កីឡាករ​ ​កីឡាការិនី​ជាតិ​ ​និង​អន្តរជាតិ​មក​ពី​ជាង១០ប្រទេស​។​

​លោក​បញ្ជាក់​ថា​ ​ចំពោះ​ស្ថានភាព​ផ្លូវ​ប្រណាំង​រយៈ៣ថ្ងៃនេះ​ ​គឺ​ពិបាក​ ​ដោយ​ឆ្លងកាត់​ទឹក​ ​ភក់​ ​គ្រ​លុក​ធំៗ​ ​ចំការ​ ​និង​ព្រៃ​ក្រាស់​ៗ​ ​ប៉ុន្តែ​ពួកគាត់​បាន​ប្រើ​កម្លាំង​អត់ធន់​បច្ចេកទេស​ ​ប្រណាំង​ ​និង​ការ​មើលសៀវភៅ​ផែនទី​រហូតដល់​ទី​ព្រ័ត្រ​។​

លោក​បាន​បន្ថែម​ថា​ ​កីឡា​យានយន្ត​ ​គឺជា​កីឡា​ ​មួយ​ដែល​កំពុង​មានការ​ផុសផុល​ ​និង​គាំទ្រ​ខ្លាំង​ ​ដូច្នេះហើយ​ការបង្កើត​ព្រឹត្តិ​ការណ៍​ប្រណាំង​ឆ្លងកាត់​ឧបសគ្គ​ ​ទៅតាម​ទី​ដាច់ស្រយាល​ ​ជាពិសេស​តាម​តំបន់​អភិរក្ស​ធនធាន​ធម្មជាតិ​ ​វា​ជា​ចំណែក​មួយ​ជួយ​ដាស់តឿន​សាធារណជន​ចូលរួម​ការពារ​ ​ស្រឡាញ់​ ​និង​ថែរក្សា​បរិស្ថាន​ ​ធនធាន​ធម្មជាតិ​។​

​សូម​បញ្ជាក់​ថា​ ​ព្រឹត្តិ​ការណ៍​ប្រណាំង​យានយន្ត​ឆ្លងកាត់​ឧបសគ្គ​ ​Khmer​ ​Rally​ ​Raid​ ​2019​ ​មាន​ក្រុម​ម៉ូតូ​ប្រណាំង​ចំនួន២០គ្រឿង​ ​ក្រុម​រថយន្ត​ចំនួន២៨គ្រឿង​ ​និង​ក្រុម​រថយន្ត​ជួសជុល១៥គ្រឿង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close