ព្រះមហាក្សត្រចូលរួមព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនៅខេត្តតាកែវ
ព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលជាព្រះរាជពិធីប្រវេណីខ្មែរ កំពុងប្រព្រឹត្តធ្វើនៅទីព្រះស្រែ ស្ថិតក្នុងកីឡដ្ឋានគិរីវង្សសុខសែនជ័យ ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ ក្រោមព្រះរាជាអធិបតីរបស់ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ជារៀងរាល់ឆ្នាំ នៅថ្ងៃទី៤ រោច ខែពិសាខ ព្រះរាជាណាចក្រកម្ពុជា តែងតែប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលជាប្រពៃណីទំនៀមទម្លាប់មួយ។
ព្រះរាជពិធីច្រត់ព្រះនង្គ័ល បានចាក់ឫសយ៉ាងជ្រៅក្នុងទំនៀមទម្លាប់ខ្មែរ នេះបើតាមប្រវត្តិសាស្ត្រ និងចម្លាក់នានា។
បើទោះជាមិនមានឯកសារណាបញ្ជាក់ច្បាស់ពីប្រវត្តិ នៃព្រះរាជពិធីច្រត់ព្រះនង្គ័លនេះក្តី ក៏ប្រភពមួយចំនួនបង្ហាញថា ព្រះរាជពិធីនេះមានលក្ខណៈព្រហ្មញ្ញសាសនាផង និងពុទ្ធសាសនាផង។
ប្រជាកសិករនៅទូទាំងប្រទេសកម្ពុជា ចាត់ទុកព្រះរាជពិធីច្រត់ព្រះនង្គ័ល ជាការពញ្ញាក់សា្មរតីពួកគេ ឱ្យត្រៀម ស្រូវពូជ និងគ្រាប់ពូជដំណាំផ្សេងៗ គោក្របី រទេះ ឧបករណ៍សម្រាប់ធ្វើកសិកម្ម កម្លាំងពលកម្ម កូនចៅ អ្នកភូមិផងរបងជាមួយសម្រាប់ប្រវ៉ាស់ដៃគ្នា ក្នុងការធ្វើស្រែចម្ការ ព្រោះថាវស្សារដូវចូលមកដល់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។