PNN ផលិត​កុន​លើកដំបូង រំលឹក​ទៅដល់​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​

​នៅ​ដើមឆ្នាំ​២០១៨ នេះ PNN បាន​ផលិត​រឿងកុន​ជា​លើកដំបូង​បង្អស់​របស់​ខ្លួន ដើម្បី​ជាការ​ចូលរួម​រំលឹក​ទៅដល់​របប​ខ្មែរក្រហម​⁣​ដែល​នៅតែ​ដិតដាម​ក្នុង​ដួងចិត្ត ប្រជាជន​កម្ពុជា​រាប់លាន​នាក់​មកទល់នឹង​ពេលបច្ចុប្បន្ន​នេះ​។​

«​ត្បូង​ភ្លោះ​» ជា​ភាពយន្ត​ខ្នាត​ធំ​ដែលមាន​រយៈពេល​មួយ​ម៉ោង​កន្លះ បានគាស់​កកាយ​ឡើងវិញ​ពី​រឿងរ៉ាវ​តស៊ូរ​បស់បង​ប្អូនប្រុស​បង្កើត​ពីរ​នាក់​ដែល​បាន​បាត់បង់​ឪពុកម្តាយ និង​ត្រូវ​រស់នៅ និរាស​ព្រាត់ប្រាស​ពីគ្នា​រាប់សិប​ឆ្នាំ​ទម្រាំ​បាន​ជួបជុំ​។ ក្នុង​សាច់រឿង​ទាំងមូល​នឹងត្រូវ​បាន​និទាន​ឡើង​ដោយ​តួអង្គ​ឪពុក​ទៅ​ឲ្យ​កូនប្រុស​ស្តាប់​ក្នុងសម័យ​បច្ចុប្បន្ន អំពី​រឿងរ៉ាវ​អតីតកាល​របស់ខ្លួន​ដែល​ធ្លាប់បាន​ឆ្លងកាត់​នូវ​របប​ដ៏​ជូរចត់ ៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ ។​

​ឈុត​ខ្លី​របស់​រឿង​⁣​ត្បូង​ភ្លោះ​នឹង​ចាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍​PNN ជា​លើកដំបូង​នៅ​ថ្ងៃទី ៧ មករា ដែល​ត្រូវ​នឹង​ថ្ងៃ​ខួប​លើក​ទី​៣៩​នៃ​ទិវា​ជ័យជម្នះ​៧​មករា​ដែល​កម្ពុជា រួចផុត​ពីរ​បប​ប្រល័យពូជសាសន៍​ប៉ុលពត​។​

​កញ្ញា ទូច​⁣ បុប្ផា ប្រធាន​ផ្នែក​គ្រប់គ្រង​ការផ្សាយ​របស់​ស្ថានីយទូរទស្សន៍​PNN បាន​ឲ្យ​ដឹងថា​៖ “​តាមពិតទៅ​រឿងកុន​នេះ គឺជា​ចំណែក​ប្រមាណ​ជា​២០​ភាគរយ​ពី​រឿង​ភាគ​ដែល PNN បានប្រគល់ ឲ្យ​ផលិតកម្ម​ខ្មែរ​មេគង្គ​ផលិត ដើម្បី​ផ្សាយ​ជូន​ទស្សនិកជន​បាន​ទស្សនា​ក្នុង​ឆ្នាំ​២០១៨​នេះ ហើយ​វា​ក៏​ជា​ទិសដៅ​របស់​PNN ដែល​តែង​នាំមក​នូវ​ខ្សែភាពយន្ត​ភាគ​ខ្មែរ​ដែលមាន​គុណភាព​⁣⁣​ទាំង រូបភាព និង​តម្លៃ​អប់រំ​ទៅដល់​អ្នកទស្សនា​”​។​

​ខ្សែភាពយន្ត​បែប​ប្រវត្តិសាស្ត្រ លាយឡំ​នឹង​សម័យថ្មី​នេះ ជាការ​សម្រិតសម្រាំង​ឥតខ្ចោះ​ពី​ផលិតកម្ម​ខ្មែរ​មេគង្គ ដែល​ទស្សនិកជន​ភាគ​ច្រើន​បានទទួល​ស្គាល់​ស្នាដៃ​ផលិត​តាមរយៈ​រឿង​ជាច្រើន ទាំង​រឿង​ភាគ និង​រឿងកុន​។ រឿង​«​ត្បូង​ភ្លោះ​» គឺជា​ការនិពន្ធ​របស់​កញ្ញា គឹម អាន​អរុណ និង​ដឹកនាំ​ដោយ​លោក ជុំ ចាន់​ឌន ។​

​រឿង «​ត្បូង​ភ្លោះ​» នឹង​ចាប់​បញ្ចាំង​តាម​រោងភាពយន្ត​នានា​ក្នុង​រាជធានី​ភ្នំពេញ​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០១៨ ខាងមុខ​។ ភាពយន្ត​នេះ​ទៀតសោត ក៏មាន​ការផ្សារភ្ជាប់​ទៅនឹង រឿង​ភាគ​ថ្មី​របស់ PNN ដែល​នឹង​ចាក់ផ្សាយ​នាពេល​ឆាប់ៗ​នេះ​លើ​កក​ញ្ចា​ក់​ទូរទស្សន៍​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close