សង្វៀន​ជល់មាន់​ដុះស្លែ​នៅ​ចំណុច​បឹង​ឈូក​ ​ជិត​វត្ត​អង្គ​តា​មិញ​ ​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ ​ជា​ឆ្នាំងបាយ​របស់​អាជ្ញាធរ​ ​?​

​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ ​បាន​ប្រាប់​ថា​ ​សង្វៀន​ជល់មាន់​នេះ​ ​បាន​សង់រោង​ ​ប្រក់​តង់​កៅស៊ូ​ ​នៅ​ក្រោម​ដើម​អាកា​ស្យា​ ​ក្បែរ​មាត់​ប្រឡាយ​ទឹក​ ​ដោយមាន​អ្នក​ជល់មាន់​មិន​តិច​នាក់​ទេ​ ​កំពុងតែ​ប្រមូល​ផ្តុំគ្នា​នៅ​ទីនោះ​។​ ​ជាពិសេស​ ​អ្វី​ដែល​ជា​ការ​ក​ត់​សម្កាល់​ ​អ្នក​ជល់មាន់​ទាំងនោះ​ ​ហាក់បីដូចជា​សប្បាយចិត្ត​រីករាយ​ណាស់​ ​ដោយ​បាន​ស្រែក​ហ៊ោកញ្ជ្រៀវ​យ៉ាង​ទ្រហឹងអឺងកង​ ​ទោះជា​មាន​ភ្លៀង​ធ្លាក់​ត្រជាក់​សើម​សម្លៀកបំពាក់​ក្តី​។​

​ពលរដ្ឋ​រស់នៅ​ទីនោះ​ ​បាន​បញ្ជាក់​ទៀត​ថា​ ​សង្វៀន​ជល់មាន់​នេះ​ ​បាន​បើក​លេង​ជា​ចំហ​ជា​យូរណាស់​មក​ហើយ​ ​មិនដឹងជា​ម្ចាស់​សង្វៀន​ជល់មាន់​មាន​ខ្នងបង្អែក​ធំ​ប៉ុណ្ណា​ទេ​ ​ទើប​មានលទ្ធភាព​បើក​សង្វៀន​ជល់មាន់​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​ ​បាន​យ៉ាង​រំភើយ​បែបនេះ​ ​មិន​មានសមត្ថកិច្ច​មូលដ្ឋាន​ ​ក៏ដូចជា​សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ ​មាន​វិធានការ​បង្ក្រាប​សោះ​។​

ពលរដ្ឋ​ថត​សកម្មភាព​ជល់មាន់​នេះ​ ​គឺ​មានបំណង​ផ្ញើ​រូបភាព​ទាំងនេះ​ជូន​ទៅ​លោក​អភិបាលខណ្ឌ​ ​និង​អធិការ​ខណ្ឌមានជ័យ​ ​ឲ្យបាន​ឃើញ​ ​និង​មាន​វិធានការ​បង្រ្កាប​ ​។​ ​ប៉ុន្តែ​រហូតមកដល់​ពេលនេះ​ ​មិនឃើញ​មានសមត្ថកិច្ច​ណា​ ​ចុះទៅ​បង្ក្រាប​សោះ​ ​ដោយ​ផ្តល់​ឱកាស​ឲ្យ​អ្នក​ញៀន​ល្បែងស៊ីសង​ទាំងនោះ​ ​នាំគ្នា​យក​មាន់​មក​ជល់​ភ្នាល់​ដាក់​ប្រាក់​ជាប្រចាំ​។​

​ពលរដ្ឋ​គ្មាន​ជំនឿ​លើ​សមត្ថកិច្ច​ស្ទឹងមានជ័យ​ ​ក៏ដូចជា​អាជ្ញាធរ​ខណ្ឌមានជ័យ​ ​មក​បង្រ្កាប​សង្វៀន​ជល់មាន់​ដុះស្លែ​នេះ​ទេ​ ​គឺ​មានតែ​សំណូមពរ​ដល់​លោក​ឧត្តមសេនីយ៍ឯក​ ​ស​ ​ថេត​ ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ​មេត្តា​មាន​វិធានការ​បង្ក្រាប​សង្វៀនមាន់​ជល់​នេះ​ផង​​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close