ក្បួន​រថយន្ត​ដឹកឈើ​លោក​សឹង្ហ​ ​សំ​អុល​ ​មិន​រំខាន​ដំណេក​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ឡើយ​

​តាម​សេចក្តី​រាយការណ៍​ពី​ខេត្តមណ្ឌលគិរី​ដែល​ទើបនឹង​ទទួល​បាន​មុន​នេះ​បន្តិច​ថា​ ​ឧកញ៉ា​ ​សឹង្ហ​ ​សំ​អុល​ ​ដែល​ល្បីឈ្មោះ​ខាង​បំផ្លាញ​ព្រៃឈើ​ ​ជាប់​ឈ្មោះ​ក្នុង​បញ្ជីខ្មៅ​នៅ​តុលា​បាន​សម្រុក​ដឹកឈើ​ចំនួន១៦រថយន្ត​វេ​អង​ ​ចេញពី​ក្រុម​ហ៊ុន​ម៉ាស្​ទ័រ​ខេ​សាន់​ ​នៅ​រសៀល​ថ្ងៃនេះ​។​ ​ខណៈនេះ​ក្បួន​រថយន្ត​ដឹកឈើ​របស់​ឧកញ៉ា​អុល​ ​កំពង់​ធ្វើ​ដំ​ណេី​រលើ​ដងផ្លូវ​ ​សំដៅ​ភ្នំ​ព្រិច​ចេញ​តាម​ផ្លវ​ភូមិ​សំពោច​ ​ស្រុក​ស្នួល​ខេត្តក្រចេះ​ ​នា​ពាក់កណ្តាល​យប់​នេះ​។​ ​ឈើ​ទាំងនេះ​មួយចំនួន​ ​គេ​ដឹក​យក​ទៅ​លក់​តាម​ដេប៉ូ​នានា​ក្នុង​ប្រទេស​ ​និង​មួយចំនួន​ទៀត​យក​ទៅ​លក់​នៅ​ព្រំដែន​ប្រទេស​វៀតណាម​។​

​ប្រភព​រាយការណ៍​មក​ថា​ ​ឧកញ៉ា​អុល​ ​បាន​រត់ការ​ស្នើសុំ​ច្បាប់​ដឹកជញ្ជូន​ឈើ​នេះ២​-​៣ថ្ងៃហើយ​ ​ពី​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី​ ​កន្លងមក​ឧកញ៉ា​អុល​ ​ធ្លាប់​អួត​បង្ហាញ​រិទ្ធិ​អំណាច​ខ្លួន​ថា​ ​ច្បាប់​ដឹកជញ្ជូន​ឈើ​មួយ​សន្លឹក​ ​គាត់​ត្រូវ​ដឹក​ពី២ទៅ៣រថយន្ត​ ​ទើប​រក​សុី​បាន​ចំណេញ​ ​ព្រោះ​ទោះ​មាន​ច្បាប់​ក៍​ត្រូវ​បង់លុយ​ឲ្យ​មន្ត្រី​គ្រប់​ជំនាញ​ ​ក្នុង​នោះ​រាប់ទាំង​កម្លាំង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ថ្នាក់​ជាតិ​ផង​ដែរ​។​ ​ហើយ​ការ​ដឹកជញ្ជូន​ឈើ​ទាំង១៦រថយន្ត​ចេញពី​ដី​ក្រុមហ៊ុន​ថ្ងៃនេះ​ ​គេ​សង្ស័យ​ថា​មានច្បាប់​ពិតប្រាកដ​យ៉ាងច្រើន​តែ៧រថយន្ត​តែប៉ុណ្ណោះ​ ​ព្រោះ​ឧក​ញ៉​អុល​ចេះ​លេង​ឆ្ពិនភ្នែក​ ​ដោះ​ស្លាក​លេខ​រថយន្ត​ ​១គ្រឿង​ ​ធ្វើជា២គ្រឿង​ ​ដោយ​ពាក់​ស្លាក​លេខ​តែមួយ​ ​ហើយ​រថយន្ត​ខ្លះ​ដោះ​ស្លាក​លេខ​ចេញ​អស់​តែម្តង​ ​ឯ​ច្បាប់​ដឹកជញ្ជូន​វិញ​គឺ​គេ​កូ​ពី​ដាក់​តាម​រថយន្ត​។​

​បើ​ក្រៅពី​មន្ត្រី​ជំនាញ​គឺ​ពិបាក​ចាប់កំហុស​ណាស់​ ​ឯ​មន្ត្រី​ជំនាញ​វង្វេង​តែ​នឹង​អំពើពុករលួយ​ ​ធ្វើ​របាយការណ៍​កុហក​ថ្នាក់ដឹកនាំ​ ​ដើម្បី​ជួយ​លាក់បាំង​មេ​ឈ្មួញ​ទុច្ចរិត​ ​រក្សា​ឆ្នាំ​បាយ​ខ្លួន​មិន​ខ្វល់​ពី​វិនាសកម្ម​ព្រៃឈើ​ឡើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close