អាជ្ញាធររាជធានីភ្នំពេញ ចុះហត្ថលេខាជាមួយអង្គការ JICA លើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រឡាយលូទឹកកខ្វក់នៅបឹងជើងឯក
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកបណ្ឌិត អ៊ីតូ មិមប៉េអ៊ិ (Dr.lto Mimpei) ប្រធានដឹកនាំក្រុមការងារត្រៀមការសិក្សាស្រាវជ្រាវ នៃទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន JICA របស់ប្រទេសជប៉ុន កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ បានចុះហត្ថលេខា ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអមន្តរជាតិជប៉ុន JICA លើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រឡាយលូទឹកកខ្វក់ នៅបឹងជើងឯកក្រោយពីសិក្សាស្រាវ ជ្រាវអស់រយៈពេល១២ខែ ត្រូវបានបញ្ចប់។
លោក ឃួង ស្រេង បានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ លោកសូមអគុណចំពោះដៃគូអភិវឌ្ឍន៍ JICA ជប៉ុនដែលតែងតែបន្ដជួយ ដល់កិច្ចដំណើរការអភិវឌ្ឍសំខាន់ៗ ជាក់ស្តែងគម្រោងកែលម្អប្រព័ន្ធទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ ដែលគម្រោងនេះបានផ្តោតសំខាន់ទៅលើការធ្វើឱ្យប្រសើរឡើង និងការកែលម្អបរិស្ថានទីក្រុងប្រកបដោយប្រសិទ្ធភាពនិរន្តរភាព និងការពារបរិស្ថានព្រមទាំងបានលើកកម្ពស់ ដល់សោភណភាពរាជធានីភ្នំពេញសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងបរិស្ថានស្អាតប្រកបដោយផាសុកភាព ជាពិសេសផ្តល់ភាពរីករាយដល់ប្រជាពលរដ្ឋថែមទៀត។
លោក ឃួង ស្រេង បានបញ្ជាក់ថា គម្រោងអភិវិឌ្ឍន៍ប្រព័ន្ធប្រឡាយលូទឹកកខ្វក់នៅបឹងជើងឯកនឹង ត្រូវក្លាយជាគម្រោងគំរូដំបូងបង្អស់ សម្រាប់រដ្ឋាបាលរាជធានីភ្នំពេញលើការកែច្នៃទឹកកខ្វក់ ក្នុងបរិមាណ៥០០០ម៉ែត្រគូបក្នុងថ្ងៃ ដែលមានតួនាទីសំខាន់ក្នុងការកាត់បន្ថយការបំពុលបរិស្ថានមួយកម្រិតធំនៅភាគខាងជើងនៃរាជធានីភ្នំពេញ។ ហើយលោកសង្ឃឹមថា គម្រោងនេះ នឹងត្រូវបានអនុម័តជាផ្លូវការពីរាជរដ្ឋាភិបាលជប៉ុននាពេលឆាប់ៗខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។