ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តឧត្តរមានជ័យ បើកកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែឧសភា
នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តឧត្តរមានជ័យ បានបើកកិច្ចប្រជុំដើម្បីត្រួតពិនិត្យ គាំទ្រកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណរបស់ប្រមុខរាជរដ្ឋាភិបាល អាណត្តិទី៦ ដែលបានធ្វើឡើងតាមរយៈការធ្វើវេទិការសាធារណៈ និង ការចុះសួរសុខទុក្ខដល់ខ្នងផ្ទះ។
ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យបានឲ្យដឹងថា បច្ចុប្បន្នសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ភូមិ ឃុំ មានសុវត្ថិភាពក្នុងមូលដ្ឋានបានល្អប្រសើរ ចំណែកសន្តិសុខតាមព្រំដែនមានសភាពស្ងប់ស្ងាត់ ដោយមានទំនាក់ទំនងល្អរវាងកងទព័ និងអាជ្ញាធរ ស្រុក ខេត្តនៃព្រះរាជាណាចក្រកម្ពុជា និង ព្រះរាជាណាចក្រថៃ បានបង្កឲ្យមានភាពជឿរទុកចិត្តគ្នា។
ដោយឡែកចំពោះបញ្ហាដីធ្លីវិញ អាជ្ញាធរមូលដ្ឋានកំពុងធ្វើដោះស្រាយជាបណ្តើរៗ។
នៅក្នុងវេទិការសាធារណៈកន្លងមក រាល់សំណើរ សំណូមពរ និងបញ្ហាប្រឈម របស់ប្រជាពលរដ្ឋត្រូវឆ្លើយតបដោះស្រាយនៅនិងមូលដ្ឋានផ្ទាល់ និងទទួលយកសំណូមពរជូនក្រសួង ស្ថាបន័ពាក់ពន្ធ័ ឬប្រមុខរាជរដ្ឋាភិបាលដោះស្រាយក្នុងករណីក្រុមការងារគ្មានលទ្ធភាព។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ផ្តាំផ្ញើរដល់ក្រុមការងារទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបន្តការងារយកចិត្តទុកដាក់ឲ្យអស់លទ្ធភាពជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាក និងត្រូវបន្តចុះឲ្យដល់ខ្នងផ្ទះប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ព័តមានក្លែងក្លាយបង្កការញ៉ុះញ៉ង់ បំបែកបំបាក់ស្មារតីប្រជាជន និងជួយសម្រួលដល់ការងារសន្តិសុខសម្រាប់មុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ ពិសេសការងារភូមិ ឃុំមានសុវត្ថិភាពទាំង៩ចំនុច ចូលរួមដោះស្រាយបញ្ហាប្រឈមភា្លមៗទោះក្នុងកំរិតណាក៏ដោយ៕
ដោយ៖ សំប្រិយ ង៉ាម
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។