ក្រោយប្រកាសគម្រោងសង់ព្រលានយន្តហោះថ្មី ដីនៅកណ្តាលស្ទឹងហក់ឡើងកប់ពពក
យោងតាមទីភ្នាក់ងារអចលនវត្ថុបានឲ្យដឹងថា តាំងតែមានការទម្លាយពីគម្រោងសាងសង់ព្រលានយន្តហោះថ្មីនៅក្បែរក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹងមក ឥឡូវដីនៅតំបន់នោះបានហក់ឡើងកប់ពពក។
លោក គីម ហ៊ាង ប្រធានសមាគមភ្នាក់ងារអ្នកវាយតម្លៃអចលនវត្ថុកម្ពុជា បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយថា ចាប់តាំងពីគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ត្រូវបានគេទម្លាយជាសាធារណនោះមក បានធ្វើឲ្យតម្លៃដីនៅតំបន់ជុំវិញនោះ ឡើងថ្លៃខ្ពស់កបពពក ដែលគេមិននឹកស្មានដល់។
លោកថា កាលពីមុនតម្លៃដីនៅទីនោះ មួយម៉ែត្រការ៉េតែ ១ដុល្លារ ទៅ ១០ដុល្លារតែប៉ុណ្ណោះ ហើយទៅទិញកន្លែងណាក៏បានដែរ ប៉ុន្តែដល់ពេលឥឡូវនេះ តម្លៃរបស់វាបានហក់ឡើងខ្លាំង គឺមួយម៉ែត្រការ៉េ មានតម្លៃពីជាង ១០ដុល្លារទៅ ជាង ៦០ដុល្លារ ទៅតាមកន្លែងនីមួយៗហើយរកទិញមិនបានទៀត។
យ៉ាងណាក៏ដោយ អ្នកជំនាញវាយតម្លៃអចលនវត្ថុរូបនេះបញ្ជាក់ថា នេះគ្រាន់តែជាតម្លៃខ្យល់តែប៉ុណ្ណោះ ដែលប្រជាពលរដ្ឋនៅទីនោះជ្រួលជ្រើមតាមគ្នា ។ បើតាមស្ថានភាព និងទីផ្សារជាក់ស្តែង តម្លៃដីនៅទីនោះ មានតម្លៃត្រឹមតែ ១០ ដុល្លារចុះក្រោមតែប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េ មិនអាចលើសពីនេះបានឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។