កម្ពុជា-ឥណ្ឌូនេស៊ី នឹងបើកជើងហោះហើរត្រង់នៅចុងខែមិថុនា
រាជធានីភ្នំពេញ ៖ កម្ពុជា-ឥណ្ឌូនេស៊ី បានឯកភាពគ្នារៀបចំឲ្យមានការហោះហើរត្រង់ជាមួយគ្នាឡើងវិញ នៅចុងខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ តាមរយៈក្រុមហ៊ុនអាកាសចរណ៍ CITILINK Airlines ។
នៅក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការក្រសួងទេសចរណ៍ កាលពីចុងសប្តាហ៍នេះ លោក Heriyanto អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ CITILINK Airlines បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ CITILINK Airlines នឹងបើកការហោះហើរត្រង់ពីរដ្ឋធានីហ្សាកាតាមករាជធានីភ្នំពេញ នាចុងខែមិថុនា ឆ្នាំ២០១៩ ដោយក្នុងមួយសប្ដាហ៍ហោះហើរត្រង់ចំនួន ៣ជើង គឺនៅថ្ងៃចន្ទ ថ្ងៃពុធ និងថ្ងៃសុក្រ។
តំណាងក្រុមហ៊ុនអាកាសចរណ៍ CITILINK Airlines រូបនេះ បានបង្ហាញការជឿជាក់ថា តម្លៃជិះយន្តហោះរបស់ក្រុមហ៊ុនលោកនឹងធ្វើឲ្យអតិថិជនទទួលយកបានគ្រប់គ្នា ហើយនៅតែគាំទ្រការប្រើប្រាស់ជើងហោះហើររបស់ក្រុមហ៊ុនមួយនេះ។
លោកថា នៅពេលជើងហោះហើរត្រង់ហ្សាកាតា-ភ្នំពេញដំណើរការទៅរលូនល្អហើយ ក្រុមហ៊ុនលោកមុខជាពង្រីកការហោះហើរត្រង់ ទៅកាន់គោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជាផ្សេងទៀត ដូចជាហោះហើរត្រង់ពីរដ្ឋធានីហ្សាកាតាមកខេត្តសៀមរាប-អង្គរ និងខេត្តព្រះសីហនុជាដើម ឬពីកោះបាលីដែលតំបន់ទេសចរណ៍ដ៏សំខាន់របស់ឥណ្ឌូនេស៊ី មកកាន់កម្ពុជាបន្ថែមផងដែរ។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក៏បានឲ្យដឹងដែរថា ការហោះហើរត្រង់នេះនឹងជួយជំរុញលំហូរទេសចរទៅវិញទៅមករវាងប្រទេសទាំងពីរកាន់តែច្រើន។ ទេសចរកម្ពុជាអាចទៅដល់រដ្ឋធានីហ្សាកាតា ទៅលេងកោះបាលី តំបន់បេតិកភណ្ឌប្រាសាទប៊ូរ៉ូប៊ូឌូ និងតំបន់ទេសចរណ៍ដទៃទៀត ហើយទេសចរឥណ្ឌូនេស៊ី ក៏អាចមកលេងកម្សាន្តតាមគោលដៅទេសចរណ៍នានា នៅកម្ពុជាកាន់តែងាយស្រួល និងឆាប់រហ័សផងដែរ។
ជាមួយគ្នានេះលោករដ្ឋមន្ត្រីក៏បានអំពាវនាវដល់ក្រុមហ៊ុនឯកជន និងទីភ្នាក់ងារទេសចរណ៍នៃប្រទេសទាំងពីរ ចូលរួមយ៉ាងសកម្មក្នុងការឃោសនាផ្សព្វផ្សាយការហោះហើរត្រង់ពីឥណ្ឌូនេស៊ីមកកម្ពុជានេះ ដើម្បីជំរុញលំហូរទេសចរទៅវិញទៅមករវាងប្រទេសទាំងពីរ។
សូមជម្រាបថា ក្រោយពីមានការខកខាកអស់រយៈពេលជិត៥០ឆ្នាំកន្លងមក ដែលក្នុងអំលុងទសវត្សទី៧០ ធ្លាប់មានការហោះហើរត្រង់ពីភ្នំពេញ-ហ្សាកាតា តាមរយៈក្រុមហ៊ុន Royal Air Cambodge ប៉ុន្តែជាអកុសល ដោយសារប្រទេសកម្ពុជាជួបនូវសង្គ្រាមពេញផ្ទៃប្រទេស ការហោះហើរត្រង់នោះត្រូវបានកាត់ផ្ដាច់ទាំងស្រុង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។