លោក លឹម គានហោ ចុះត្រួតពិនិត្យសកម្មភាពអនុវត្តការងារសាងសង់ និងការពារច្រាំងទន្លេមេគង្គនៅខេត្តកំពង់ចាម
នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អមដំណេីរដោយលោក ម៉ៅ ហាក់ និងលោកប្រធានមន្ទីរធនធានទឹកខេត្តកំពង់ចាម បានចុះត្រួតពិនិត្យ និងវាយតម្លៃនូវសកម្មភាពអនុវត្តការងារសាងសង់ និងការពារច្រាំងទន្លេមេគង្គនៅខេត្តកំពង់ចាម ដែលចាប់ផ្តើមការងារពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ។
មន្ត្រីជំនាញបានបញ្ជាក់អោយដឹងថា ការងារកសាងច្រាំងទន្លេនៅមុខទីរួមខេត្តកំពង់ចាមនេះក៏ដូចជាការងារនៅចំណុចមួយទៀតនៅឃុំព្រែកដំបងស្រុកមុខកំពូលដែលមានការខូចខាតធ្ងន់ធ្ងរ ហើយសុទ្ធសឹងជាថវិកា ពិសេសរបស់រាជរដ្ឋាភិបាល ដែលបច្ចុប្បន្នបាននឹងកំពុងដំណើរការ យ៉ាងសកម្ម។
ដោយឡែកចំពោះការដ្ឋានសាងសង់ច្រាំងទន្លេដែលមានការខូចខាតធ្ងន់ធ្ងរក្នុងរយះពេលកន្លងទៅនេះលើប្រវែង ១៧០ម៉ែត្រដែលតម្រូវឲ្យមានការស្ថាបនាសារជាថ្មី។ ការងាររួមមាន ៖
១-រុះរើសំណង់ចាស់និងសំអាតទីតាំងសារជាថ្មី។
២-រៀបចំសំណង់ច្រាំងសារជាថ្មី ដែលបច្ចុប្បន្នសំរេចបានប្រមាណ ២០%។
ក្នុងដំណើរបេសកកម្មត្រួតពិនិត្យនាពេលនេះ ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើការណែនាំជាលក្ខណះបច្ចេកទេសដែលធានាដល់ស្ថេរភាព សំណង់យូរអង្វែងរាប់តាំងពី ៖
-ការសំអាតគ្រឹះសំណង់
-ការចាក់គ្រឹះសំណង់
-ការរៀបចំធ្នឹមបណ្តោយដែលការពារដល់ភាពរអិលចុះក្រោម (Sliding)
-ការគិតគូរម៉ត់ចត់ដល់ពេលរៀបខឿនការពារដោយតម្រូវឲ្យមានការគិតគូរខ្ពស់អំពីជំរាប (Seepage) ដែលដាច់ខាតត្រូវមានរន្ធបង្ហូរជាចំបាច់ (Drain)។ល។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការកោតសរសើរចំពោះអ្នកបច្ចេកទេសដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួន និងបន្តខិតខំធ្វើយ៉ាងណាអោយសំណង់រួចរាល់ទាន់រដូវទឹកឡើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។