នៅឆ្នាំ២០២១និងមានយន្តហោះដឹកអ្នកដំណើរផលិតដោយចិន១០០%
យន្តហោះដឹកអ្នកដំណើរ ស៊ីវិល ផលិតដោយបច្ចេកវិទ្យាចិន១០០ភាគរយ និងត្រូវ ប្រគលទៅឲ្យអតិថជនដើម្បីធ្វើអាជីវកម្មហោះហើរនៅឆ្នាំ២០២១ ក្រោយការសាកល្បង ទទួលបានជោគជ័យជាច្រើនលើកនាពេលកន្លងមក។ មកទលពេលនេះក្រុមហ៊ុនផលិតយន្តហោះទទួលបានការកម្ម៉ង់ទិញរហូតដល់ទៅ៧៨៥គ្រឿង គឺជាចំនួនយ៉ាងច្រើនបំផុតមិនធ្លាប់មាន។
ក្រុមអ្នកឯកទេស បានលើកឡើងថា យន្តហោះដឹកអ្នកដំណើររបស់ចិនដែលមានតម្លៃថោកជាងឆ្ងាយ បើប្រៀបធៀបនិងយន្តហោះរបស់ក្រុមហ៊ុន អាមេរិកាំង Boeing ក្រុមហ៊ុនអឺរ៉ុប Airbus។ នាយករងផ្នែកពាណិជ្ជកម្មនៃក្រុមហ៊ុនផលិតយន្តហោះរដ្ឋចិន Comac លោក Lu Zheng បានប្រកាសឲ្យដឹងថា យន្តហោះដឹកអ្នកដំណើរប្រភេទ C៩១៩ របស់ចិននឹងផលិតរួចរាល់ រួចអាចប្រគល់ទៅឲ្យអតិថិជននៅឆ្នាំ ២០២១។
កន្លងមកចិនទទួលបានជោគជ័យយ៉ាងខ្លាំង លើវិស័យអាវកាស វិស័យយោធា និងសេដ្ឋកិច្ច នៅលើពិភពលោក ពេលនេះចិនកំពុងផ្តោតលើមហិច្ឆិតាអាកាសចរណ៍តាមរយៈការផលិតយន្តហោះស៊ីវិលក្រោមបច្ចេកវិទ្យារបស់ចិន ១០០%។ យន្តហោះចិន C៩១៩ ផលិតដោយក្រុមហ៊ុនអាកាសចរណ៍រដ្ឋ Comac ដែលអាចដឹកអ្នកដំណើរបាន ១២៨នាក់នឹងចូលខ្លួនប្រជែងនឹងយន្តហោះអាមេរិកាំង Boeing B៧៣៧ និងយន្តហោះអឺរ៉ុប Airbus A៣២០។ យន្តហោះ C៩១៩ ធ្លាប់បានហោះសាកល្បងចំនួន ២ដង គឺម្តងក្នុងខែឧសភា និងម្តងទៀតនាពាក់កណ្តាលខែធ្នូ ឆ្នាំ ២០១៧។
លោក Lu Zheng នាយករងផ្នែកពាណិជ្ជកម្មនៃក្រុមហ៊ុន Comac បានថ្លែងធានាពីប្រទេសសិង្ហបុរីដែលលោកបានទៅចូលរួមនៅក្នុងពិធីតាំងពិព័រណ៌អាកាសចរណ៍ថា យន្តហោះ C៩១៩ ទី១ នឹងត្រូវប្រគល់ទៅឲ្យក្រុមហ៊ុនអាកាសចរណ៍ចិន China Eastern នៅឆ្នាំ ២០២១។ លោក Lu បានបន្ថែមថា ចិនជាទីផ្សារអាទិភាពដំបូងគេ មុននឹងគិតពង្រីកទៅកាន់ទីផ្សារអន្តរជាតិ។ តែដើម្បីអាចធ្វើការហោះហើរជាផ្លូវការក្នុងស្រុកបាន លុះត្រាណាតែក្រុមហ៊ុនទទួលបានវិញ្ញាបនប័ត្រហោះហើរពីរដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន។
ចំណែកការហោះហើរក្នុងដែនអាកាសអន្តរជាតិ គឺត្រូវមានភ្លើងខៀវពីទីភ្នាក់ងារអាកាសចរណ៍សហព័ន្ធអាមេរិកាំងដែលលោក Lu ទទួលស្គាល់ថា អាចមានការលំបាកជាងការទទួលភ្លើងខៀវពីរដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន។ កន្លងមក យន្តហោះខ្នាតតូចប្រភេទ ARJ-២១ ដែលផលិតដោយក្រុមហ៊ុន Comac ទទួលបានភ្លៀវខៀវពីរដ្ឋបាលអាកាសចរណ៍ស៊ីវិលចិនតាំងពីដំណាច់ឆ្នាំ ២០១៤ ដើម្បីធ្វើចរាចរណ៍ក្នុងស្រុក តែនៅមិនទាន់ទទួលបានភ្លើងខៀវពីទីភ្នាក់ងារអាកាសចរណ៍សហព័ន្ធអាមេរិកាំងនៅឡើយទេ។
សព្វថ្ងៃ ក្រុមហ៊ុន Comac ទទួលបានការកម្ម៉ង់ទិញយន្តហោះ C៩១៩ ចំនួន ៧៨៥គ្រឿងដែលភាគច្រើនជាកម្ម៉ង់របស់ក្រុមហ៊ុនអាកាសចរណ៍ចិន។ ចំណែកការកម្ម៉ង់ទិញពីក្រុមហ៊ុនអាកាសចរណ៍បរទេស ពិសេសពីអាល្លឺម៉ង់ និងថៃមានតែ ៣៤គ្រឿងប៉ុណ្ណោះ។ តែលោក Lu បានអះអាងថា ទីផ្សារដែលក្រុមហ៊ុន Comac សម្លឹងឃើញ គឺនៅអាស៊ីអាគ្នេយ៍ និងនៅអាហ្រ្វិក។ រីឯតម្លៃរបស់ C៩១៩ គឺថោកជាងឆ្ងាយបើធៀបនឹងយន្តហោះអាមេរិកាំង Boeing B៧៣៧ និងយន្តហោះអឺរ៉ុប Airbus A៣២០៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។