ចាប់ជនជាតិចិនម្នាក់ទៀតនៅព្រលានយន្តហោះភ្នំពេញ រឿងដឹកលុយជិត១លានដុល្លារអាមេរិក ចូលមកកម្ពុជាខុសច្បាប់
បុរសជនជាតិចិនហុងកុងម្នាក់ទៀតត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនកាលពីរសៀលថ្ងៃទី២៩ ឧសភា ម្សិលមិញនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ បន្ទាប់ពីចុះពីលើយន្តហោះ ពាក់ព័ន្ធនឹងការនាំចូលលុយជិត១លានដុល្លារអាមេរិកមកកម្ពុជាដោយខុសច្បាប់។
មន្ត្រីប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញឲ្យដឹងថា បន្ទាប់ពីពិនិត្យឃើញលុយដ៏ច្រើនខុសច្បាប់លក្ខន្តិកៈឆ្លងកាត់ព្រលានយន្តហោះបែបនេះ សមត្ថកិច្ចក៏បានផ្អាកដំណើរជនជាតិចិនម្នាក់នោះដែលមានឈ្មោះ LIAO JINGQING កើតថ្ងៃទី16/ 11/1971 កាន់លិខិត ឆ្លងដែនលេខ EG0115690 ពាក់ព័ន្ធករណីនាំប្រាក់ចំនួន ៨៥៥,០០០ ដុល្លារអាមេរិក ពីទីក្រុងហុងកុង ចូលមកប្រទេសកម្ពុជា។
មន្ត្រីបន្តថា តាមការសាកសួរបឋម ជនសង្ស័យបបានសារភាពបានចូលមកកម្ពុជាចំនួន០២ លើក ក្នុងនោះលើកទី១ កាលពីថ្ងៃទី 26/05/2019 និងលើកចុងក្រោយ ថ្ងៃទី29/05/2019។
គួរបញ្ជាក់ដែរថា កាលពី១ខែមុន ជនជាតិចិនចំនួន៣នាក់ក៏ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនដែរនៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ក្រោយពីពួកគេបាននាំយកលុយ៣លានដុល្លារចូលមកកម្ពុជា។ លុយទាំងនោះបច្ចុប្បន្នត្រូវបានតម្កល់ទុកនៅធនាគារជាតិ ដើម្បីធ្វើការស្រាវជ្រាវរកប្រភព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។