កុំភ្ញាក់ផ្អើល នៅថ្ងៃអាទិត្យនេះ នឹងមានការចល័តរថពាសដែកចេញពីរាជធានីភ្នំពេញ
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ នឹងមានការចល័តកម្លាំងកងរាជអាវុធហត្ថ និងរថពាសដែក ចេញពីបន្ទាយកងអន្តរាគមន៍ (បឹងតាមោក) រាជធានីភ្នំពេញ ទៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ ដែលស្ថិតនៅខេត្តកំពង់ឆ្នាំង។
បើតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី៣០ ខែឧសភា បានបញ្ជាក់ថា ការចល័តនេះ ក៏ព្រោះតែកងរាជអាវុធហត្ថ នឹងធ្វើការហ្វឹកហ្វឺនបើកបររថពាសដែក ប្រើប្រាស់គ្រឿងបំពាក់សព្វាវុធ និងបាញ់គ្រាប់ពិតជំនាន់ទី២ ដោយចាប់ផ្តើមពីថ្ងៃទី៤ ខែមិថុនា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ ដើម្បីបង្កើនសមត្ថភាពក្នុងការបំពេញភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការការពារជាតិមាតុភូមិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។