ក្រសួងកសិកម្មចេញវិធានការបន្ទាន់ ទប់ស្កាត់ការឆ្លងរាលដាលជំងឺប៉េស្តជ្រូកអាហ្រ្វិក
ជាថ្មីម្តងទៀតនៅថ្ងៃទី៣០ ឧសភា ឆ្នាំ២០១៩ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានចេញសារាចរណែនាំពីវិធានការបន្ទាន់ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺប៉េស្តជ្រូកអាហ្រ្វិក ទៅដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានី-ខេត្តទូទាំងប្រទេស ព្រមទាំងបណ្តាខេត្តជាប់ព្រំដែនប្រទេសវៀតណាម។
តាមការបញ្ជាក់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថា ថ្មីៗនេះ ជំងឺប៉េស្តជ្រូកអាហ្រ្វិក បាននិងកំពុងរាលដាលខ្លាំងមកខេត្តជាច្រើននៅភាគខាងត្បូងប្រទេសវៀតណាម ជាពិសេសនៅតាមបណ្តាលខេត្តដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសកម្ពុជា រួមមាន ខេត្តដាក់ណុង ជាប់ខេត្តមណ្ឌលគិរី ខេត្តយ៉ាឡាយ ជាប់ខេត្តរតនគិរី ខេត្តដុងផាប់ ជាប់ខេត្តព្រៃវែង ខេត្តកៀនយ៉ាង ជាប់ខេត្តកំពត និងខេត្តកណ្តាល ដែលជាសញ្ញាហានិភ័យខ្ពស់ នៃការឆ្លងរាលដាលក្នុងលក្ខណៈទ្រង់ទ្រាយធំ និងធ្ងន់ធ្ងរដល់ព្រះរាជាណាចក្រកម្ពុជា។
ដូច្នេះដើម្បីពង្រឹងការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺប៉េស្តជ្រូកអាហ្រ្វិកឲ្យមានប្រសិទ្ធភាពខ្ពស់ ក្រសួងស្នើឲ្យមន្ទីរកសិកម្ម ក៏ដូចជាការិយាល័យផលតិកម្ម និងបសុព្យាបាលទាំងអស់ ត្រូវពង្រឹងការទប់ស្កាត់ការនាំចូលជ្រូករស់ និងផលិតផលជ្រូកខុសច្បាប់គ្រប់ប្រភេទដែលឆ្លងកាត់តាមព្រំដែន អាកាសយានដ្ឋានអន្តរជាតិ កំពង់ផែ និងពីខេត្តមួយទៅខេត្តមួយ ឬពីតំបន់មួយទៅតំបន់មួយទៀត, ត្រូវបន្តអនុវត្តវិធានជីវសុវត្ថិភាពឲ្យបានហ្មត់ចត់នៅគ្រប់កសិដ្ឋានចិញ្ចឹមជ្រូក ទីកន្លែងចិញ្ចឹមជ្រូក កន្លែងប្រមូលផ្តុំជ្រូក កន្លែងអាជីវកម្មជ្រូក និងសត្តឃាតដ្ឋាន ព្រមទាំងបង្កើនការតាមដានឃ្លាំមើល និងត្រួតពិនិត្យជាប្រចាំលើសុខភាពជ្រូកទូទាំងប្រទេស និងចាត់វិធានការឲ្យទាន់ពេលវេលា ប្រសិនមានការសង្ស័យពីវត្តមាននៃជំងឺប៉េស្តជ្រូកអាហ្រ្វិក។
គួរបញ្ជាក់ថា ជំងឺប៉េស្តជ្រូកអាហ្រ្វិកបានផ្ទុះឡើងជាលើកដំបូងនៅប្រទេសវៀតណាមកាលពីពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០១៩នេះ ដោយរាលដាលនៅបណ្តាខេត្តក្រុងចំនួន៣៨ ហើយជ្រូកប្រមាណ ១លានកន្លះ ត្រូវបានសម្លាប់ចោល ហើយសម្រាប់ប្រទេសកម្ពុជា ក៏បានរាលដាលផងដែរនៅខេត្តរតនគិរី ប៉ុន្តែត្រូវបានទប់ស្កាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។