ឃាតក រំលោភ និងសម្លាប់ក្មេងស្រីក្មេងប្រុស២នៅខេត្តព្រះសីហនុ ត្រូវសមត្ថកិច្ចចាប់ខ្លួនបាននៅខេត្តព្រៃវែង
ជនសង្ស័យដែលបានរំលោភក្មេងស្រីអាយុ១០ឆ្នាំ និងវាយក្មេងប្រុសអាយុ២ឆ្នាំបណ្តាលឲ្យស្លាប់ទាំងពីរនាក់កាលពីពេលថ្មីៗនេះ ត្រូវបានសមត្ថកិច្ចឡោមព័ន្ធចាប់បានហើយកាលពីរសៀលថ្ងៃទី២ ខែមិថុនា ម្សិលមិញនៅខេត្តព្រៃវែង។
សមត្ថកិច្ចបញ្ជាក់ថា ជនដៃដល់រួមនិងស្ត្រីម្នាក់ទៀតជាប្រពន្ធ ត្រូវបាននគរបាលចាប់ខ្លួននៅស្រុកមេសាង ខេត្តព្រៃវែង ហើយត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ហើយដើម្បីរៀបសំណុំរឿងបញ្ជូនទៅកាន់តុលាការ។
សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២៩ ខែឧសភា មានករណីឃាតកម្មដ៏ព្រៃផ្សៃមួយបានកើឡើង ដោយជនល្មើសបានចាប់រំលោភកុមារី អាយុ១០ឆ្នាំ បន្ទាប់មកធ្វើសកម្មភាពសម្លាប់ទាំងកុមារី និងកុមារាជាប្អូនអាយុ ២ឆ្នាំកន្លះ ដែលកំពុងដេកនៅក្នុងផ្ទះជាមួយគ្នា។
ក្មេងប្រុសជាប្អូនបានស្លាប់ភ្លាមៗនៅក្នុងផ្ទះ ហើយក្មេងស្រីជាបងត្រូវបានក្រុមគ្រួសារព្យាយាមដឹក មកសង្គ្រោះរហូតដល់រាជធានីភ្នំពេញ តែមិនអាចជួយសង្គ្រោះជីវិត និងបានស្លាប់បាត់បង់ជីវិតនៅលើរថយន្ត។
កុមារារងគ្រោះមានឈ្មោះ ផា សុខលី អាយុ២ឆ្នាំ និងកុមារីជាបងមានឈ្មោះ ផា ស្រីល័ក្ខ អាយុ១០ឆ្នាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។