អគ្គនាយកដ្ឋានពន្ធដា ប្រកាសឲ្យម្ចាស់យានយន្តទៅបង់ពន្ធសម្រាប់ឆ្នាំ២០១៩
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៩ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩។
តាមការបញ្ជាក់របស់អគ្គនាយកដ្ឋានពន្ធដារ សម្រាប់ការបង់ពន្ធក្នុងឆ្នាំ២០១៩នេះ ម្ចាស់យានយន្តគ្រប់ប្រភេទត្រូវដាក់លិខិតប្រកាស និងបង់ពន្ធនៅសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារកាណាឌីយ៉ា ក.អ ឬនៅធនាគារអេស៊ីលីដា ឬធនាគារវឌ្ឍនៈ ឬនៅធនាគារកម្ពុជាសាធារណៈ ឬតាមធនាគារដែលបានចុះអនុស្សារណៈ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដាក៏បានបញ្ជាក់ដែរថា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០តទៅ អគ្គនាយកដ្ឋានពន្ធដារសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច នឹងចុះត្រួតពិនិត្យការប្រកាសបង់ពន្ធ និងផាកពិន័យចំពោះម្ចាស់យានយន្តទាំងឡាយណាដែលមិនទាន់បានប្រកាសបង់ពន្ធក្នុងឆ្នាំកន្លងមក តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។