ដំណើរការ​នៃ​ការ​តភ្ជាប់​សេវាកម្ម​ដឹកជញ្ជូន​ផ្លូវដែក​កម្ពុជា​ ​និង​ថៃ​ ​នៅ​រង់ចាំ​ពេលវេលា​មួយ​រយៈ​ទៀត​

​កម្ពុជា​ ​និង​ថៃ​ ​មាន​កិច្ច​ព្រមព្រៀង​ជាគោល​នៅក្នុង​ការ​តភ្ជាប់​សេវាកម្ម​ដឹកជញ្ជូន​ផ្លូវដែក​រវាង​ប្រទេស​ទាំងពីរ​ហើយ​ ​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ​ ​ក៏​សេវាកម្ម​ដឹកជញ្ជូន​ទាំង​អ្នកដំណើរ​ ​និង​ទំនិញ​ដោយ​ប្រើ​ផ្លូវដែក​រវាង​ប្រទេស​ទាំងពីរ​ ​នៅ​មិនទាន់​បាន​ដំណើរការ​នៅឡើយ​ទេ​ ​ដោយ​ទាមទារ​ពេលវេលា​ ​និង​ការពិភាក្សា​លម្អិត​បន្ថែម​ទៀត​។​

​លោក​ ​វ៉ា​ស៊ី​ម​ ​សុរិយា​ ​មន្រ្តី​នាំពាក្យ​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​បាន​ឲ្យដឹង​ថា​ ​ការ​ដឹកជញ្ជូន​ទំនិញ​ ​និង​អ្នកដំណើរ​តាមផ្លូវ​ដែក​រវាង​ប្រទេស​ទាំងពីរ​ ​មិនទាន់​អាច​ដំណើរការ​បាន​នៅឡើយ​ទេ​ ​ព្រោះថា​ការពិភាក្សា​លម្អិត​ជាមួយ​ភាគី​ថៃ​ ​នៅ​មិនទាន់​បញ្ចប់​។​

​លោក​បន្ត​ថា​ ​ការងារ​បន្ទាប់​គឺ​ខាង​ភាគី​កម្ពុជា​នឹង​ពិភាក្សា​ទៅលើ​ការ​ដឹកជញ្ជូន​ក្នុង​ស្រុក​ ​តាមរយៈ​ក្រុមហ៊ុន​ទទួល​បាន​សម្បទាន​។​ ​លោក​បញ្ជាក់​ថា​៖​ ​“​ការងារ​ភ្ជាប់​ផ្លូវដែក​ជាមួយ​ថៃ​ ​គឺ​ចប់​សព្វគ្រប់​ហើយ​ ​ប៉ុន្តែ​មិនមែន​មានន័យថា​ ​យើង​អាច​ធ្វើដំណើរ​ជិះ​ឆ្លងកាត់​ ​ឬ​ដឹកទំនិញ​ព្រំដែន​តាមរយៈ​រថភ្លើង​បាន​ភ្លាម​នោះ​ទេ​។​ ​ការពិភាក្សា​លម្អិត​ទៅលើ​ការ​ដឹកជញ្ជូន​ ​ជាពិសេស​ពេលនេះ​ ​ផ្លូវដែក​ភាគ​ខាងជើង​នេះ​ ​ស្ថិតនៅ​ក្រាម​ការគ្រប់គ្រង​ដោយក្រុម​ហ៊ុន​ទទួល​សម្បទាន​ពី​រាជរដ្ឋាភិបាល​”​។​

​គួរ​បញ្ជាក់​ថា​ ​កាលពី​ថ្ងៃទី២២​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​កន្លងទៅ​ ​ប្រទេស​កម្ពុជា​ ​និង​ថៃ​ ​បានសម្រេច​ធ្វើការ​ចុះ​កិច្ច​ព្រមព្រៀង​ប្រតិបត្តិ​ការ​រួមគ្នា​លើក​ការ​ដឹកជញ្ជូន​ផ្លូវដែក​ឆ្លងកាត់​ព្រំដែន​ ​ដោយ​កិច្ច​ព្រមព្រៀង​នេះ​ ​គេ​រំពឹង​ថា​ ​ទៅ​ពេល​អនាគត​ ​គេ​អាច​ធ្វើដំណើរ​ ​ក៏ដូចជា​ការ​ដឹកជញ្ជូន​ទំនិញ​តាមផ្លូវ​ដែក​ ​ពី​កម្ពុជា​ ​រហូតដល់​ប្រទេស​សិង្ហបុរី​បាន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close