ជនជាតិចិនបើកបុក រួចរត់ ពេលចាប់បានសមត្ថកិច្ចឆែករកឃើញគ្រឿងញៀនប្រមាណ១០គីឡូក្រាម
គ្រឿងញៀនប្រមាណ១០គីឡូក្រាម ត្រូវសមត្ថកិច្ចរកឃើញ ក្រោយពីបានឆែកឆេររថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ដែលបើកបរដោយជនជាតិចិន កាលពីវេលាម៉ោងប្រមាណ១រសៀល ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩នេះ នៅចំណុចស្តុបរោងកុនលុច្ស ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។
តាមប្រភពថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ និង ស្ត្រីម្នាក់បានបើករ៉ឺម៉កកង់បី ឥណ្ឌា ពណ៌ក្រហម ពាក់ស្លាកលេខ ព្រៃវែង ១M-១៥៧៤ ធ្វើដំណើរ តាមបណ្ដោយមហាវិថីព្រះនរោត្តម ទិសដៅពីកើតទៅលិច បានឈប់រងចាំស្តុប ខណៈពេលនោះ ក៏ស្រាប់តែមាន រថយន្តមួយគ្រឿងម៉ាក លុច្ស ស៊ីស RX350 ពណ៌ខ្មៅ ពាក់ស្លាកលេខ ២AW-៤៣៣២ បើកបរដោយបុរសជនជាតិចិនម្នាក់ បានធ្វើដំណើរមកពីក្រោយបុកពេញទំហឹង អូសរ៉ឺម៉កកង់បី ជាច្រើនម៉ែត្របណ្ដាលឲ្យក្រឡាប់រងរបួសធ្ងន់ ហើយរថយន្តបង្ក បានព្យាយាមបើករត់គេចរហូតដល់ផ្សារតាប៉ាង ផ្លូវលេខ១៣៦ ទើបត្រូវបានប្រជាពលរដ្ឋដេញ ឃាត់បាន និងវ៉ៃម្នាក់មួយដៃមួយជើងបណ្ដាលឲ្យរងរបួសបែកមាត់។
ផ្ដើមដោយករណីគ្រោះថ្នាក់ចរាចរណ៍នេះ ទើបឈានដល់ធ្វើការឃាត់ឆែកឆេររថយន្តនោះ សមត្ថកិច្ចក៏បានរកឃើញគ្រឿងញៀនដោយចៃដន្យ ទម្ងន់ប្រមាណ១០គីឡូក្រាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។