អាជ្ញាធរ​ខេត្តសៀមរាប​ ​ចាប់ផ្ដើម​យុទ្ធនាការ​ចុះ​រុះរើ​ស្លាកយីហោ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្មាន​ច្បាប់​

​លោក​ ​នាក់​ ​ណេរ៉ុ​ន​ ​អភិបាលរងខេត្ត​សៀមរាប​ ​បាន​មានប្រសាសន៍​ថា​ ​នៅ​ព្រឹក​ថ្ងៃទី​ ​០៣​ ​ខែមិថុនា​ ​ឆ្នាំ២០១៩នេះ​ ​លោក​បាន​ដឹកនាំ​ក្រុមការងារ​ចម្រុះ​របស់​រដ្ឋបាល​ខេត្ត​ ​អាជ្ញាធរ​ក្រុង​សៀមរាប​ ​និង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ ​ចុះ​រុះរើ​ស្លាកយីហោ​ ​ប៉ាណូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ ​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ ​ឬ​អស់​សុពលភាព​ ​ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ​ ​និង​ត្រៀមខ្លួន​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​ផង​ដែរ​ ​។​

​លោក​ថា​ ​មានក​ត្តា៣យ៉ាង​ ​ក្នុង​យុទ្ធនាការ​ចុះ​រុះរើ​នេះ​ ​គឺទី១​.​ ​រៀបចំ​សោភ័ណភាព​ខេត្ត​ឲ្យ​សក្ដិសម​ជា​ខេត្ត​ទេសចរណ៍​ ​ដើម្បី​ត្រៀម​ប្រកួតប្រជែង​ ​និង​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​ ​,​ ​ទី២​.​ ​ធ្វើឲ្យ​ស្របតាម​ច្បាប់​ ​ស្ដីពី​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ ​និង​បទដ្ឋាន​មួយចំនួន​របស់ក្រ​សួង​ស្ថាប័ន​ពាក់ព័ន្ធ​ ​ដូចជា​ ​អង្គភាព​ពន្ធដារ​ ​,​ ​ក្រសួង​ពាណិជ្ជកម្ម​ ​,​ ​រួម​ទាំង​ក្រសួងវប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ជាដើម​ ​និង​ទី៣​ ​ដើម្បី​រកចំណូល​ថវិកា​មូលដ្ឋាន​ ​ដល់​អាជ្ញាធរ​ក្រុង​ ​ស្រុក​ ​ខេត្ត​ ​ព្រោះ​បច្ចុប្បន្ន​ ​រាជរដ្ឋាភិបាល​បាន​ប្រតិភូកម្ម​អំណាច​មក​ថ្នាក់ក្រោម​ជាតិ​ ​ដើម្បី​ឱ្យ​មាន​ចំណូល​មូលដ្ឋាន​ ​ដូច្នេះ​បើសិនជា​ក្រុមហ៊ុន​ ​ឬ​ប្រជាពលរដ្ឋ​ ​ដំឡើង​ស្លាកយីហោ​ ​ប៉ាណូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ​ ​វា​នឹង​ធ្វើឲ្យ​បាត់បង់​ចំណូល​ ​និង​គ្មាន​សណ្ដាប់ធ្នាប់​ផង​ដែរ​ ​។​

គួរ​បញ្ជាក់​ថា​ ​នៅក្នុង​យុទ្ធនាការ​នៅ​ព្រឹកមិញ​ ​អាជ្ញាធរ​ខេត្ត​ចាប់ផ្ដើម​អនុវត្ត​សកម្មភាព​ពី​ចំណុច​គល់​ស្ពានថ្ម​ព្រះរាជ​ដំណាក់​ ​ទៅ​ទិសខាងកើត​ស្របតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​ ​៦​ ​ហើយ​តំបន់​មួយចំនួន​ទៀត​ ​នឹង​អនុវត្ត​បន្ត​នៅពេល​ក្រោយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close