ស្រវឹងស្រាបើកបរ ជ្រុលទៅបុករថយន្តពីក្រោយរងរបួសធ្ងន់កណ្តាលស្ពានអាកាសស្ទឹងមានជ័យ
(ភ្នំពេញ) ៖ បុរសម្នាក់ដែលទំនងចេញពីផឹកស៊ីស្រវឹងជោគជាំ បានជិះម៉ូតូជ្រុលទៅបុកនិងរថយន្តហាយឡែនឌ័រ ដែលកំពុងធ្វើដំណើរក្នុងទិសដៅស្របគ្នាចំពីក្រោយពេញទំហឹង បណ្តាលឲ្យបុរសជាអ្នកបើកម៉ូតូ ហោះផ្លោងផ្ទប់និងកញ្ចក់រថយន្តរងរបួស ហូរឈាមស្រោចខ្លួន។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៣០នាទី យប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ នៅលើស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។
តាមប្រភពពត៌មាន ពីន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្តម៉ាក់ ហាយឡែនឌ័រពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AS -9230 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយនិង ភ្ញៀវជនជាតិចិនម្នាក់ បានធ្វើដំណើរតាមផ្លូវ ២៧១ ក្នុងទិសដៅ ពីជើងទៅត្បូង ឆ្លងកាត់ស្ពានអាកាសស្ទឹងមានជ័យ ខណៈមកដល់កើតហេតុ ក៍ស្រាប់តែបុរសម្នាក់វ័យប្រហែលជាង២០ឆ្នាំ មិនដឹងថាចេញពីកម្មវីធីផឹកស៊ីនៅទីណានោះទេ គឺបានជិះម៉ូូតូម៉ាក ហុងដា ឃ្លីក ពណ៌ស ពាក់ស្លាកលេខ សៀមរាប 1P 5250 បានធ្វើដំណើរមក ក្នុងទិសដៅស្របគ្នា ក្នុងល្បឿនលឿន ព្រមទាំងស្រវឹងផងនោះ ក៍បានជ្រុលទៅបុកនិង រថយន្ត ហាយឡែនឌ័រ ចំពីក្រោយពេញទំហឹង បណ្តាលឲ្យបុរសជាអ្នកបើកម៉ូតូ ហោះផ្លោងផ្ទប់និងកញ្ចក់រថយន្តខាងក្រោយ បែកទាំងកញ្ចក់និងបែកទាំងក្បាលអ្នកបើកម៉ូតូ ហូរឈាមស្រោចពេញខ្លួនរងរបួសធ្ងន់ តែភ្លាមៗជនរងគ្រោះមិនព្រមទៅពេទ្យនោះទេ គឺរងចាំទាល់តែសាច់ញាតិមក ទើបយល់ព្រមទៅមន្ទីពេទ្យ ។ ដោយឡែកខាងម្ចាស់រថយន្តវិញមិនបានបើករត់ទេដោយសារគាត់មិនជាអ្នកខុស ហើយរថយន្តរបស់គាត់ គ្រាន់តែខូចខាតបែកកញ្ចក់ក្រោយរថយន្តតែប៉ុណ្ណោះ។
ក្រោយពេលកើតហេតុ រថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចជំនាញ់ចរាចរណ៍ខណ្ឌមានជ័យ បានចុះទៅធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីរងចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។