សង្ស័យស្រវឹងទៀតហើយ បើកឡានទៅបុករះកង់បី និងរទេះលក់សាច់អាំង លុះប្រជាពលដ្ឋដេញចាប់បាន បែរជាចង់ផ្ទុះហិង្សាផ្អើលសមត្ថកិច្ច
យុវជនពីរនាក់ដែលស្រវឹងស្រាជោគជាំ បានបើករថយន្ត CAMRY L-E មួយគ្រឿងបោះពួយទៅបុករះម៉ូតូកង់បីឥណ្ឌាមួយគ្រឿងក្រឡាប់ផ្ងាជើងម្ខាង រួចបន្តបុករទេះលក់សាច់អាំងនិងរទេះលក់ខ្ចៅនិងកាំជណ្តើរដាក់តាំងលក់តាមចិញ្ចើមផ្លូវរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។ ចំណែករថយន្តបង្កព្យាយាមបើករត់រាប់រយម៉ែត្រ ហើយក៏ត្រូវប្រជាពលដ្ឋរដេញចាប់បានមកវិញ និងបំរុងផ្ទុះហិង្សារដាក់គ្នារវាងម្ចាស់រថយន្តនិងម្ចាស់ម៉ូតូកង់បីផ្អើលសមត្ថកិច្ចចុះអន្តរាគមន៍ទាន់ពេលវេលា។
ហេតុការណ៍ថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ស្ថិតនៅចំណុចមុខ KTV ស្ទឹងលាភ តាមបណ្តោយផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញយុវជនពីរនាក់ស្រវឹងជោគបើករថយន្ត CAMRY L-E មួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2AP-8487 ធ្វើដំណើរតាមបណ្តោយផ្លូវ១៩៨៦ទិសដៅពីលិចទៅកើត ខណះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុកម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខកណ្តាល 1AB-8838 បើកបរដោយបុរសម្នាក់ស្របទិសដៅគ្នានៅខាងមុខបត់ត្រឡប់ក្រោយចំផ្នែកខាងស្តាំខាងក្រោយក្រឡាប់ផ្ងា ជើងម្ខាងចំណែករថយន្តបានរេចង្កូតមកខាងស្តាំជ្រុលទៅបុករទេះលក់សាច់អាំងនិងរទេះខ្ចៅនិងកាំជណ្តើរដាក់តាំងលក់តាមចិញ្ចើមផ្លូវបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។
ភ្លាមៗនោះដែរថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេបានព្យាយាមបើករត់រាប់រយម៉ែត្រត្រូវប្រជាពលរដ្ឋដេញចាប់បានមកវិញនិងបំុងផ្ទុះហិង្សាដាក់គ្នារវាងម្ចាស់រថយន្តនិងម្ចាស់ម៉ូតូកង់បីតែត្រូវបានសមត្ថកិច្ច មូលដ្ឋានក៍ដូចកម្លាំងអ-ហខណ្ឌសែនសុខចុះមកជួយអន្តរាគមន៍ទាន់ពេលវេលា។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តម៉ូតូកង់បីរទេះលកដូរទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។