ជនសង្ស័យ​រំលោភ​សម្លាប់​ក្មេងប្រុស​ស្រី២នាក់​បងប្អូន​បង្កើត​ ​ធ្លាប់​ប្រព្រឹត្តិ​បទល្មើស​ចាប់រំលោភ​ ​និង​ធ្លាប់​ជាប់ពន្ធ​នា​គារ​

លោក​ ​ជួន​ ​ណា​រិន្ទ​ ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ ​បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ ​កាលពី​រសៀល​ថ្ងៃទី៣​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​ដោយ​បាន​បង្ហាញមុខ​ជនសង្ស័យ​វាយសម្លាប់​ក្មេងប្រុស​ស្រី​ទាំងពីរ​នាក់​ ​នៅក្នុង​បរិវេណ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​។​ ​លោក​បញ្ជាក់​ថា​ ​ជនសង្ស័យ​រូប​នេះ​ ​រូបលោក​ជា​អ្នកធ្វើការ​សាកសួរ​ដោយ​ផ្ទាល់​ ​និង​ត្រៀម​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ ​ដើម្បី​បន្ត​នីតិវិធី​ផ្ដន្ទាទោស​តាមច្បាប់​។​

​ថ្លែង​ក្នុង​សន្នី​សី​កាសែត​ ​លោក​ ​ជួន​ ​ណា​រិន្ទ​ ​បាន​ដកស្រង់​ចម្លើយ​សារភាព​ ​របស់​ជន​ដៃដល់​មក​បញ្ជាក់​ថា​ ​សកម្មភាព​ល្មើស​ ​របស់​ជនសង្ស័យ​រូប​នេះ​ ​មិនមែន​ជា​បទល្មើស​លើក​ទី១ទេ​ ​ពោល​គឺ​ជន​នេះ​ ​ធ្លាប់​ប្រព្រឹត្ត​បទល្មើស​បែបនេះ​ ​នា​ពេល​កន្លងទៅ​ ​ហើយក៏​ធ្លាប់​ជាប់ពន្ធ​នា​គារ​ផង​ដែរ​។​

​លោកស្នងការ​ ​ឲ្យដឹង​បន្ត​ថា​ ​នៅក្នុង​អំឡុង​ឆ្នាំ២០០១​-​២០០២​ ​ជនល្មើស​រូប​នេះ​ ​ធ្លាប់​បាន​ចាប់រំលោភ​គេ​ ​នៅ​ស្រុកកំណើត​ ​របស់​ខ្លួន​ដែរ​ ​ប៉ុន្ដែ​មិនបាន​សម្រេច​ ​ហើយ​ក្រោយមក​ ​ក៏បាន​រត់គេច​ខ្លួន​ចេញពី​ស្រុកកំណើត​ ​ទៅ​ធ្វើការងារ​ជា​កម្មករ​សំណង់​ ​នៅ​ម្តុំ​ព្រែក​លាប​ ​រាជធានី​ភ្នំពេញ​។​ ​បន្តបន្ទាប់​ក្រោយមក​ជន​នេះ​ ​ក៏បាន​ធ្វើសកម្មភាព​លួច​ខ្សែភ្លើង​ ​របស់​គេ​ ​រហូត​ឈាន​ដល់​ម្ចាស់​ប្តឹង​ចាប់​ដាក់​ពន្ធនាគារ​។​

​លោក​ ​ជួន​ ​ណា​រិន្ទ​ ​បន្ត​ថា​ ​ក្រោយមក​ទៀត​ ​ពេល​ជន​នេះ​ ​រួច​ទោស​ចេញពី​ពន្ធនាគារ​ ​ជនល្មើស​រូប​នេះ​ ​ក៏បាន​ចេញទៅ​ខេត្តពោធិ៍សាត់​ ​ហើយក៏​បាន​ជួប​ប្រពន្ធ​រាល់ថ្ងៃ​នេះ​ ​ដែល​ជា​ស្ដ្រី​មេម៉ាយ​មានកូន៥នាក់​។​ ​បន្តបន្ទាប់​មក​ ​ពួកគេ​ទាំងពីរ​នាក់​ ​ក៏បាន​ចេញដំណើរ​មក​ធ្វើ​សំណង់​ ​នៅ​សង្កាត់​ចោមចៅ​ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​រាជធានី​ភ្នំពេញ​ ​មុននឹង​បន្ដ​ធ្វើដំណើរ​ទៅ​រស់នៅ​ក្រុង​បាវិត​ ​ខេត្តស្វាយរៀង​ ​កាលពីដើម​ឆ្នាំ២០១៨​។​

​ពេល​ទៅ​រស់នៅ​ធ្វើការងារ​នៅ​ក្រុង​បាវិត​ ​ជន​ម្នាក់​នេះ​ ​ក៏បាន​ចាប់រំលោភ​យុវតី​ម្នាក់​ ​អាយុ​ខ្ទង់​ចន្លោះ​ពី​ ​១៤​-​១៥ឆ្នាំ​ ​មួយ​ករណី​ទៀត​ ​រួច​ក៏​រត់គេច​ខ្លួន​ជាមួយ​ប្រពន្ធ​ ​ទៅ​ធ្វើការងារ​ជា​កម្មករ​សំណង់​ ​នៅកន្លែង​កើតហេតុ​ ​ស្ថិត​ក្នុង​ភូមិ​គគីរ​ ​ឃុំ​បិតត្រាំង​ ​ស្រុក​ព្រៃនប់​ ​ខេត្ត​ព្រះសីហនុ​។​

​ងាក​មក​បទល្មើស​ចុងក្រោយ​នេះ​ ​លោក​ ​ជួន​ ​ណា​រិន្ទ​ ​បន្ត​ថា​ ​មុន​ពេល​កើតហេតុ​ជន​ដៃដល់​ខាងលើ​នេះ​ ​បាន​អង្គុយ​ផឹក​ស្រា​ស​ ​នៅផ្ទះ​របស់​ខ្លួន​អស់​កន្លះ​លីត្រ​ ​រួច​ក៏​ប្រើឲ្យ​ប្រពន្ធ​របស់​ខ្លួន​ ​ជា​ស្ដ្រី​មេម៉ាយ​កូន​ ​៥នាក់​ ​ទៅ​ទិញ​ពង​ទា​កូន​ ​សម្រាប់​ក្លែម​ក្លែម​ស្រា​ស​។​ ​ហើយ​ថា​ ​ដោយសារតែ​ប្រពន្ធ​ ​របស់​ខ្លួន​ ​ទៅ​ទិញ​ពង​ទា​កូន​ ​អូស​បន្លាយពេល​យូរ​ពេក​ ​ជនសង្ស័យ​រូប​នេះ​ ​ក៏បាន​បន្ដ​ផឹក​ស្រា​ស​ ​រហូត​អស់​មួយ​លីត្រ​កន្លះ​ ​រួច​ក៏​ដើរទៅ​តាម​ប្រពន្ធ​តាម​ក្រោយ​។​

​នា​ឱកាស​នោះ​ ​ជនល្មើស​រូប​នេះ​ ​ក៏បាន​ឃើញ​ក្មេងស្រី​រងគ្រោះ​ ​កំពុង​នៅក្នុង​ផ្ទះ​ ​ជាប់​ផ្លូវ​ធ្វើដំណើរ​ ​របស់​ខ្លួន​ ​ហើយ​ស្ងាត់​មិនឃើញ​ឪពុក​ម្តាយ​នៅជា​មួយ​ ​ក៏បាន​ចូល​ទៅ​ចាប់រំលោភ​ទាំង​កម្រោល​ ​ហើយក៏​បាន​ប្រើ​ហិង្សា​វាយសម្លាប់​បំបិទមាត់​។​ ​ភ្លាម​ៗ​នោះ​ ​កុមារា​ជា​ប្អូន​ ​បានឃើញ​ដូច្នេះ​ ​ក៏​ស្រែ​ចយំ​ ​ទើប​ជនសង្ស័យ​ ​បាន​ទះកំផ្លៀង​ ​៥​-​៦ដៃ​ ​ហើយ​ទាត់​ផ្ទប់​ជញ្ជាំង​ស្លាប់​មួយរំពេច​។​ ​ហើយ​ក្រោយមក​ ​ជនល្មើស​រូប​នេះ​ ​ក៏បាន​នាំ​ប្រពន្ធ​គេចខ្លួន​ទៅកាន់​ស្រុកកំណើត​ ​នៅ​ឯ​ស្រុក​មេសាង​ ​ខេត្តព្រៃវែង​ ​ជាទី​កន្លែងត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​។​

សូម​បញ្ជាក់​ថា​ ​ជន​ដៃដល់​រំលោភ​សម្លាប់​ខាងលើ​នេះ​មានឈ្មោះ​ ​មាង​ ​វិចិត្រ​ ​ត្រូវ​បាន​បញ្ជូន​ទៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ ​ដែល​ជា​ម្ចាស់​ករណី​ ​កាលពី​យប់​ថ្ងៃទី០២​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​ដើម្បី​សាកសួរ​ ​និង​ឈាន​ទៅ​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ ​ដើម្បី​បន្ត​នីតិវិធី​ផ្ដន្ទាទោស​តាមច្បាប់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close