ឃាតក​សម្លាប់​ក្មេង២នាក់​ ​នៅ​ស្រុក​ព្រៃនប់​ ​ត្រូវ​តុលាការ​ចោទប្រកាន់២បទល្មើស​

​នៅ​រសៀល​ថ្ងៃទី៤​ ​ខែមិថុនា​ ​ឆ្នាំ២០១៩នេះ​ ​ជនល្មើស​ឈ្មោះ​ ​មៀង​ ​វិចិត្រ​ ​ដែល​ជាប់សង្ស័យ​ករណី​ឃាតកម្ម​ ​រំលោភ​សម្លាប់​ក្មេង២នាក់​នៅ​ភូមិ​គគីរ​ ​ឃុំ​បិតត្រាំង​ ​ស្រុក​ព្រៃនប់​ ​ខេត្ត​ព្រះសីហនុ​ ​ត្រូវ​បាន​តំណាង​អយ្យការ​ចោទប្រកាន់​ជា​ផ្លូវការ​តាម​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​អោយ​ស៊ើបសួរ​ចំនួន​ ​២បទល្មើស​។​

​បទល្មើស​ទាំង២​ ​ទី១​-​បទ​ឃាតកម្ម​មាន​ស្ថាន​ទម្ងន់ទោស​ទាក់ទង​នឹង​ជនរងគ្រោះ​ ​មាត្រា២០២​ ​ចំណុច​ទី១​ ​នៃ​ក្រម​ព្រហ្មទណ្ឌ​ ​និង​ទី២​-​បទ​ឃាតកម្ម​ដោយមាន​ទារុណកម្ម​ ​អំពើឃោរឃៅ​ ​ឬ​អំពើ​រំលោភ​សេពសន្ថវៈ​មាត្រា២០៥​ ​នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​សូម​រំលឹក​ថា​ ​ឃាតកម្ម​ដ៏​ព្រៃផ្សៃ​មួយ​បាន​កើតឡើង​កាលពី​ថ្ងៃទី២៩​ ​ឧសភា​ ​បង្កឡើង​ដោយ​ជនល្មើស​ចាប់រំលោភ​កុមារី​ ​អាយុ​ជាង១០ឆ្នាំ​ ​បន្ទាប់មក​ធ្វើសកម្មភាព​សម្លាប់​ទាំង​កុមារី​ ​និង​កុមារ​ជា​ប្អូន​អា​យុប្​រហល៣ឆ្នាំ​ដែល​កំពុង​ដេក​នៅក្នុង​ផ្ទះ​ជាមួយគ្នា​។​

​ក្មេងប្រុស​ជា​ប្អូន​បាន​ស្លាប់​ភ្លាម​ៗ​នៅក្នុង​ផ្ទះ​ ​ហើយ​ក្មេងស្រី​ជា​បង​ត្រូវ​បាន​ក្រុម​គ្រួសារ​ព្យាយាម​ដឹក​ ​មក​សង្គ្រោះ​រហូតដល់​រាជធានី​ភ្នំពេញ​ ​តែ​មិន​អាច​ជួយសង្គ្រោះ​ជីវិត​ ​និង​បាន​ស្លាប់​បាត់បង់ជីវិត​នៅលើរថយន្ត​វេលា​ម៉ោង​ ​៨យប់​ថ្ងៃ​ដដែល​នោះ​។​ ​កុមារា​រងគ្រោះ​មានឈ្មោះ​ ​ផា​ ​សុខ​លី​ ​អាយុ២ឆ្នាំ​ ​និង​កុមារី​ជា​បង​មានឈ្មោះ​ ​ផា​ ​ស្រី​ល័ក្ខ​ ​អាយុ១០ឆ្នាំ​ ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close