បេសកជនចិន២ពាន់នាក់មកទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមអបអរឆ្នាំវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន ២០១៩
បេសកជនជាច្រើនក្នុងចំណោម២ពាន់នាក់ បានធ្វើដំណើរមកដល់អាកាសយានដ្ឋាន អន្តរជាតិខេត្តសៀមរាបជាបណ្ដើរៗ ហើយកាលពីព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីចូលរួមអបអរសាទរ «ឆ្នាំវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន ២០១៩» និងចាប់ផ្ដើម ដំណើរទស្សនកិច្ចនៅកម្ពុជា។
ដើម្បីអបអរសាទរ «ឆ្នាំនៃវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន ២០១៩» រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជូនគណៈប្រតិភូក្រសួងវប្បធម៌ និងទេសចរណ៍របស់ខ្លួន ដឹកនាំដោយលោក ចាង ស៊ុ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ រួមជាមួយបេសកជនចិនប្រមាណ ២ពាន់នាក់ ឱ្យធ្វើដំណើរមកទស្សនកិច្ច នៅកម្ពុជា ចាប់ពីថ្ងៃទី០២-០៨ ខែមិថុនា ឆ្នាំ២០១៩ ហើយបេសកជនជាច្រើនក្នុងចំណោម ២ពាន់នាក់នោះ បានធ្វើដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបហើយ។
គណៈប្រតិភូក្រសួងវប្បធម៌ និងទេសចរណ៍ចិន ដឹកនាំដោយលោក ចាង ស៊ុ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិន ក៏នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ នាយប់ថ្ងៃទី០៤ ខែមិថុនាដែរ ក្រោមការត្រៀមទទួលស្វាគមន៍ពី ថ្នាក់ដឹកក្រសួងទេសចរណ៍កម្ពុជា។
បើតាមព័ត៌មានពីមន្រ្តីក្រសួងទេសចរណ៍បានឱ្យដឹងថា នៅល្ងាចថ្ងៃទី៥ ខែមិថុនា ក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា សហការជាមួយភាគីចិន នឹងរៀបចំការសម្ដែងសិល្បៈរួមគ្នាកម្ពុជា-ចិន នៅសាលមហោស្រពកោះពេជ្រ ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។
នៅក្នុងដំណើរទស្សនកិច្ចនេះ ភាគីកម្ពុជា-ចិនក៏បាននាំមកនូវវេទិកា «Business Matching Between Tour Operators ofCambodia and China» ឬហៅថា វេទិកាផ្គូផ្គងដៃគូធុរកិច្ចទេសចរណ៍រវាងក្រុមហ៊ុនការីទេសចរណ៍ចិន (អ្នកទិញ) ចំនួន៥០ក្រុមហ៊ុន ជាមួយក្រុមហ៊ុនការីទេសចរណ៍កម្ពុជា (អ្នកលក់) ចំនួន៥០ក្រុមហ៊ុនផងដែរ។
សូមជម្រាបថា គណៈប្រតិភូបេសកជនចិនទាំង២.០០០នាក់ ដែលបានមកទស្សនាកម្ពុជា នៅពេលនេះនិងឈ្វេងយល់អំពីឱកាសវិនិយោគក្នុងវិស័យទេសចរណ៍ ជួយផ្សព្វផ្សាយ សក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាជនចិន ក៏ដូចជាទាក់ទាញទេសចរចិន មកកម្ពុជាឱ្យកាន់តែច្រើនថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។