ថ្ងៃនេះ រដ្ឋសភា នឹងបើកកិច្ចពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីប្រេងកាត
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងបើកសិក្ខាសាលាពិភាក្សាលើ សេចក្តីព្រាងច្បាប់ ស្តីពីប្រេងកាតដែលមកពីគ្រប់ភាគីពាក់ព័ន្ធនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩នេះ ។
ឯកឧត្ដម ឈាង វុន អ្នកនាំពាក្យរដ្ឋសភាបានគូសបញ្ជាក់ថា ដូចអ្វីដែលយើងបានឃើញស្រាប់ហើយគឺកម្ពុជាបានកំពុងតែមមាញឹក ខិតខំប្រឹងប្រែងដើម្បីធ្វើយ៉ាងណាទាញយកផលពីឡូប្រេងកាត។ ឡូប្រេងកាតនេះ រដ្ឋសភាបានយកចិត្តទុកដាក់ណាស់ ហើយក៏នឹងរៀបចំសិក្ខាសាលាធំមួយនៅថ្ងៃទី០៦ ខែមិថុនានេះ ដើម្បីផ្ដល់ឱកាសឱ្យមានការចូលរួមផ្តល់យោបល់ពីអ្នកសារព័ត៌មាន អង្គការសង្គមស៊ីវិល សមាជិកព្រឹទ្ធសភា រដ្ឋសភា និងមន្ត្រីជំនាញផងដែរ។
ឯកឧត្ដមបានលើកឡើងដែរថា នៅថ្ងៃទី១០ ខែមិថុនា ខាងមុខ គណៈកម្មការជំនាញរដ្ឋសភា នឹងជួបជាមួយតំណាងរាជរដ្ឋាភិបាល មកពីក្រសួងរ៉ែ និងថាមពល ដែលដឹកនាំដោយឯកឧត្ដម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដើម្បីពិភាក្សាគ្នាមុននឹងដាក់ឱ្យរដ្ឋសភាអនុម័ត។
ឯកឧត្ដមបានបន្ថែមថា គណៈកម្មការទី៩ ដែលមានលោកជំទាវ និន សុផុន ជាប្រធាន នឹងទទួលបន្ទុកលើកកិច្ចការនេះ ហើយដោយសារគណៈកម្មាធិការអចិន្ត្រៃយ៍បានប្រគល់ភារកិច្ចនេះ ទៅឱ្យគណៈកម្មការទី៩នេះដើម្បីធ្វើការសិក្សា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។