កម្ពុជាស្វាគមន៍ចំពោះបេសកជនចិនចំនួន២០០០នាក់ដែលមកស្វែងយល់ពីទេសចរណ៍ និងវប្បធម៌កម្ពុជា
កម្ពុជាស្វាគមន៍យ៉ាងខ្លាំងចំពោះបេសកជនចិន២០០០នាក់ដែលមកដល់កម្ពុជា ខណៈថ្នាក់ដឹកនាំប្រទេសទាំងពីរសម្រេចយកឆ្នាំ ២០១៩នេះជាឆ្នាំវប្បធម៌ទេសចរណ៍ចិន និងកម្ពុជា។
ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ នៅសាលមហោស្រពកោះពេជ្រ ឯកឧត្តម ប៊ិន ឈិន មានប្រសាសន៍ថា ការមកដល់របស់ប្រជាជនចិននេះ នឹងបង្ហាញអំពីឱកាសវិនិយោគក្នុងវិស័យទេសចរណ៍ ជួយផ្សព្វផ្សាយសក្កដានុពលទេសចរណ៍កម្ពុជាដល់ប្រជាជនចិន ក៏ដូចជាទាក់ទាញទេសចរចិនមកកម្ពុជាឲ្យកាន់តែច្រើនថែមទៀត។ កម្មវិធីនាពេលនេះ ក៏បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ផងដែរ អំពីការឈានឡើងខ្ពស់មួយកម្រិតទៀតនៃចំណងមិត្តភាពយ៉ាងជ្រាលជ្រៅ ជាប្រវត្តិសាស្ត្រ រវាងចិន និងកម្ពុជា ដែលជាកេរ្តិ៍ដំណែលបន្សល់ទុកដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរជាច្រើនជំនាន់ ហើយត្រូវបានបន្តដោយដោយថ្នាក់ដឹកនាំបច្ចុប្បន្ន។ ចំណងមិត្តភាពនេះ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យស្ថិតស្ថេរយូរអង្វែង។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ថ្ងៃនេះ បានឆ្លុះបញ្ចាំងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងវប្បធម៌ និងទេសចរណ៍នៃសាធារណរដ្ឋប្រជាមានិតចិន និងក្រសួងទេសចរណ៍ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសាទរដល់ “ឆ្នាំវប្បធម៌–ទេសចរណ៍ កម្ពុជា–ចិន លើកទី១ ឆ្នាំ២០១៩” ដែលបានចាប់ផ្តើមប្រព្រឹត្តទៅកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ និងក៏ជាព្រឹត្តិការណ៏ដ៏សំខាន់មួយដើម្បីឆ្លើយតបទៅនឹងស្មារតីនៃ “ផែនការសកម្មភាព ២០១៩–២០២៣ ស្តីពីការកសាងសហគមន៍ជោគវាសនារួមគ្នា កម្ពុជា និងចិន” ដែលរដ្ឋាភិបាលទាំងពីរបានចុះហត្ថលេខាក្នុងឱកាសវេទិកាពិភពលោកលើកទី២ ស្តីពី “ខ្សែក្រវ៉ាត់ និងវិថី” ក្នុងពេលថ្មីៗនេះ នៅទីក្រុងប៉េកាំង កាលពីខែមេសា ឆ្នាំ២០១៩។
ឯកឧត្តម អ៊ុកសុជាតិ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា តាមរយៈកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងយូអង្វែង នៃវិស័យវប្បធម៌ ទេសចរណ៍ចិន កម្ពុជា កម្ពុជាពិតជារីករាយក្នុងការរៀបចំកម្មវិធីសម្តែងរួមគ្នារវាងសិល្បករ សិល្បៈការីនីមកពីប្រទេសចិន និងកម្ពុជានេះ ។
ជាមួយគ្នានេះដែរ ឯកឧត្តម វ៉ាង វិនធានឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានចាត់ទុកថា ការបង្កើតកម្មវិធី អបអរសាទរ ឆ្នាំវប្បធម៌-ទេសចរណ៍កម្ពុជាចិននេះ គឺជាស្ពានចម្លង និងផ្សព្វផ្សាយអរីយធម៌ វប្បធម៌ និងទេសចរណ៍ប្រទេសទាំងពីរឲ្យកាន់តែទូលំលាថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។