ប្រទេសស្វីសនឹងផ្តល់ជំនួយ៦លានដុល្លារទៀតដល់កម្ពុជា សម្រាប់ការបោសសម្អាតមីន
ប្រទេសស្វីសនឹងបន្តផ្តល់ថវិកាប្រមាណ ៦លានដុល្លារសហរដ្ឋអាមេរិក ដើម្បីគាំទ្រដល់ការបោសសម្អាតមីននៅប្រទេសកម្ពុជា ចាប់ពីឆ្នាំ២០២០ ដល់ ឆ្នាំ២០២៥ បន្តទៀត។
នេះបើតាមការលើកឡើងរបស់ លោកស្រី Carin Salerno នាយកទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ ប្រចាំនៅកម្ពុជា ក្នុងជំនួបជាមួយលោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា កាលពីដើមសប្តាហ៍នេះ។
គួរបញ្ជាក់ដែរថា ចាប់តាំងពីឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០១៩នេះ ប្រទេសស្វីសបានផ្តល់ថវិកាគាំទ្រដល់ការបោសសម្អាតមីនប្រមាណជាង ៧លានដុល្លារសហរដ្ឋអាមេរិក ដែលបានផ្តល់ដីសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋក្រីក្រនៅតាមសហគមន៍ ដើម្បីធ្វើកសិកម្ម សាងសង់លំនៅដ្ឋាន និងកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន។
រាជរដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាថា នឹងបោសសម្អាតមីនឲ្យអស់នៅត្រឹមឆ្នាំ ២០២៥ខាងមុខ ដែលត្រូវការថវិកាប្រមាណ ៤០៦លានដុល្លារអាមេរិកទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។