មិនអាច​កែប្រែ​លទ្ធផល​បោះឆ្នោត​បាន លោក​ត្រាំ ប្រកាសថា នឹង​បន្ត​ប្រជែង​តំណែង​ប្រធានាធិបតី​នៅ​ឆ្នាំ​២០២៤

សារព័ត៌មាន CNA នៅ​ថ្ងៃ​ពុធ ទី​០២ ខែធ្នូ ឆ្នាំ​២០២០​បាន​ផ្សាយ​ថា ប្រធានាធិបតី​អា​មេរ​រិ​ក ដូ​ណា​ល់ ត្រាំ ដែល​មិន​ទទួលបាន​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត កាលពី​ថ្ងៃទី​៣​ខែវិច្ឆិកា ពេលនេះ បាន ប្រកាសថា​នឹងចូលរួម​ប្រកួតប្រជែង ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​សាជាថ្មី នៅ​ឆ្នាំ​២០២៤ ខណៈ​មកទល់នឹង​ពេលនេះ លោក​នៅតែ​ប្រកាន់​ជំហរ​ដដែល​ជុំវិញ​ការលួចបន្លំ​សន្លឹកឆ្នោត​។​

​លោក ដូ​ណា​ល់ ត្រាំ ធ្វើការ​កត់សម្គាល់​ខាងលើ នៅឯ​ពិធីជប់លៀង​ត្រៀម​ស្វាគមន៍​បុណ្យ​ណូអែល នៅឯ​សេត​វិមាន នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ (​ម៉ោង​នៅ​វ៉ាស៊ីនតោន​) ដែល​នេះ ប្រហែលជា​ពិធីជប់លៀង​លើកចុងក្រោយ មុននឹង​លោក​ត្រូវ​ចាក​ចេញពី​សេត​វិមាន នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១​។ លោក ត្រាំ បានលើកឡើង​នៅ​ចំពោះមុខ​អ្នកចូលរួម ដូច្នេះ​ថា​៖ «​វា​ពិតជា​អស្ចារ្យ​ណាស់ ក្នុង​រយៈពេល​បួន​ឆ្នាំ​មកនេះ​។ យើង​នឹង​ព្យាយាម​ធ្វើ​វា​ម្ដងទៀត​នៅ​បួន​ឆ្នាំក្រោយ ដូច្នេះ​ខ្ញុំ​នឹង​បាន​ជួប​អ្នក​ទាំងអស់គ្នា​ម្ដងទៀត នៅ​បួន​ឆ្នាំក្រោយ​»​។​

​នៅក្នុង​ពិធី​ដែល​គេ​សង្កេតឃើញថា​មិនមាន​ការអនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​នូវ​វិធានការ​ទប់ស្កាត់ COVID-19 លោក ដូ​ណា​ល់ ត្រាំ នៅតែ​ប្រកាន់​ជំហរ​ដដែល​ថា ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក កាលពី​ថ្ងៃទី​០៣ ខែវិច្ឆិកា​កន្លងទៅ មាន​ការលួចបន្លំ​សន្លឹកឆ្នោត​។ «​ជាការ​ពិតណាស់ វា​ជា​ឆ្នាំ​មួយ​មិន​ប្រក្រតី​។ យើង​បានឈ្នះ​ការបោះឆ្នោត តែ​ពួកគេ​មិន​ពេញចិត្ត​។ ខ្ញុំ​ហៅ​វា​ថា​ការបោះឆ្នោត​មាន​ការលួចបន្លំ ហើយ​ខ្ញុំ​នឹង​នៅតែ​ហៅ​វា​បែបនេះ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ត្រាំ​។​

​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​សហរដ្ឋអាមេរិក លោក Bill Barr នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះដែរ បាន​និយាយថា ក្រសួងយុត្តិធម៌​របស់​លោក​រក​មិនឃើញ​ភស្ដុតាង​ណាមួយ បញ្ជាក់ថា​មាន​ការលួចបន្លំ​សន្លឹកឆ្នោត​ឡើយ ហើយក៏​មិនអាច​កែប្រែ​បរាជ័យ​របស់លោក ដូ​ណា​ល់ ត្រាំ ឬ​ជ័យជម្នះ​របស់លោក ចូ បៃ​ដិ​ន ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី កាលពី​ថ្ងៃទី​០៣ ខែវិច្ឆិកា កន្លងទៅ​នោះដែរ​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close