ឯកឧត្តម ជា សុផារ៉ា បើក​ឱ្យ​ដំណើរការ​អ៊ុត​កៅស៊ូ​បេ​ទី​ម លើផ្លូវ​ទាំង ៣៤​ខ្សែ ក្នុង​ខេត្ត​ព្រះសីហនុ

ខេត្ត​ព្រះសីហនុ​៖ នៅ​ព្រឹក​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២០ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា អមដំណើរ​ដោយ​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​បើក​ឱ្យ​ដំណើរការ ការ​អ៊ុត​កៅស៊ូ​បេ​ទី​ម លើផ្លូវ​ទាំង ៣៤​ខ្សែ​ក្នុង​ខេត្ត​ព្រះសីហនុ និង​ពិនិត្យមើល​សកម្មភាព​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ ទៀត​នៃ​ផ្លូវ​ទាំងនេះ​។



​គួរ​បញ្ជាក់ថា គម្រោង​សាងសង់​ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ​ផ្លូវ ៣៤​ខ្សែ នៅក្នុង​ខេត្ត​ព្រះសីហនុ បានចាប់ផ្តើម​អ៊ុត​កៅស៊ូ​បេ​ទី​មី​ន័​រ កម្រាស់ ០.០៧ ម៉ែត្រ បន្ថែម​ពីលើ​បេតុង ដែល​បាន​ចាក់​រួច​ជា បន្តបន្ទាប់​មាន​កម្រាស់​០.២៥​ម៉ែត្រ នៅ​ថ្ងៃទី​២ ខែធ្នូ​នេះ ក្រោយ​ពីថ្ងៃ បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវ ការ ក្រោម​អធិបតីភាព​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា​ឆ្នាំ ២០១៩ រួចមក​។ ជា​ជំហាន​ដំបូង​នេះ​ក្រុមការងារ​នឹងធ្វើ​ការ​អ៊ុត​បេ​ទី​ម​លើ​ខ្សែ​ផ្លូវធំៗ​ជាមុន និង​បន្តទៅ​ខ្សែ​ផ្លូវ​ផ្សេង ទៀត​តាម​ផែនការ និង​ពេលវេលា​ដែល​បាន​គ្រោងទុក​។

​ចំពោះ​ក្រុមហ៊ុន​ដែល​ទទួល​គម្រោង​អ៊ុត​បេ​ទី​ម​លើផ្លូវ​ទាំង ៣៤ ខ្សែ ក្នុង​ខេត្ត​ព្រះសីហនុ មាន​ចំនួន ៣​ក្រុមហ៊ុន​គឺ​៖
១.​ក្រុមហ៊ុន CCES Engineering Services Co., LTD ទទួល​អ៊ុត​បេ​ទី​ម ផ្លូវ​ចំនួន​០៥​ខ្សែ ទទួល​អ៊ុត​ផ្លូវ​ចំនួន ៥​ខ្សែ ចាប់ ផ្ដើម​អ៊ុត​ចេញពី​រង្វង់​មូល​ព្រះ​សេវ​: ដល់​រង្វង់​មូល​ផ្លូវបំបែក​រាម ជាប់ (​ផ្លូវជាតិ​លេខ​៤)​។
២.​ក្រុមហ៊ុន TCM Engineering Co., LTD ទទួល​ចំនួន​១២​ខ្សែ ចាប់ផ្ដើម​អ៊ុត​ចេញពី​រង្វង់​មូល​ព្រះ​សេវា​: ស្ថិតនៅ​ភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃនប់ ឆ្ពោះ​មកកាន់​មហាវិថី​ជំទាវ​ម៉ៅ​។​
៣.​ក្រុមហ៊ុន LS Construction (Lee Service Cambodia) PTC., LTD ផ្លូវ​ចំនួន ១៧​ខ្សែ ទទួល​អ៊ុត​ផ្លូវ​ចំនួន ១៧​ខ្សែ ចាប់ផ្តើម​អ៊ុត​ចេញពី​រង្វង់​មូល​តោ​ពីរ​ទៅដល់​ផ្លូវ​ពូ​លូ​វ៉ៃ (​ផ្លូវ​លេខ​៥០០)​ស្ថិតនៅក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ហើយ​ក្រុមហ៊ុន​ទាំង​៣​នេះ​កំពុងដំណើរការ​អ៊ុត​បេ​ទី​ម​ព្រមៗ​គ្នា​។ តាម​ការគ្រោងទុក គម្រោង​នេះ នឹង​បញ្ចប់​នៅ​ចុងខែ​កុ​ម្ភះ ឬ​ដើមខែ​មីនា ឆ្នាំ ២០២១ មុន​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close