តម្លៃ​ស្រូវ​នៅ​ខេត្តសៀមរាប ឆ្នាំ​២០២០​នេះ ល្អ​ជាង​ឆ្នាំមុន​បន្តិចបន្តួច

ខេត្តសៀមរាប​៖ តាម​របាយការណ៍​រប​ស់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា តម្លៃ​ស្រូវ ដូចជា​ប្រភេទ​ស្រូវ​សែន​ក្រអូប និង​ស្រូវ​ផ្ការំដួល ដែល​កសិករ​លក់​ស្រូវ​សើម​ក្រោយពី​ច្រូតកាត់​ភ្លាមៗ បាន​ក្នុងតម្លៃ ពី​១.០០០​រៀល ដល់ ១.១៥០​រៀល​ក្នុង​មួយ​គីឡូក្រាម ខណៈ​ស្រូវ​ចម្រុះ​ហើយ​សើម លក់បាន​ក្នុងតម្លៃ​ពី​៨៥០ ទៅ ៩៥០​រៀល ក្នុង​មួយ​គីឡូក្រាម ដូច្នេះ​តម្លៃ​នេះ គឺជា​តម្លៃ​មួយ​ដែល​កសិករ​អាច​ទទួល​យកបាន បើទោះជា​ស្ថិតក្នុង​ក​ម្រឹត​មិន​លើស​ខ្ពស់ជាង​ឆ្នាំមុន​ក៏ដោយ​។​

​របាយការណ៍​បានបញ្ជាក់​បន្ថែមថា ការងារ​បង្កបង្កើនផល​ស្រូវ​ក្នុងឆ្នាំនេះ សម្រេចបាន​លើ​ផ្ទៃដី​សរុប​ជិត ១៩១​ពាន់​ហិកតា ហើយ​គិត​ត្រឹម​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០២០​នេះ ការប្រមូល​ផល​ស្រូវ​សម្រេចបាន​សរុប ចំនួន​ជាង​១៤៣​ពាន់​ហិកតា ក្នុងនោះ​ស្រូវស្រាល​បាន​ជាង ៤​ម៉ឺន​ហិកតា ស្រូវកណ្តាល​ច្រូតកាត់​បាន​ជាង​១០​ម៉ឺន​ហិកតា និង​ស្រូវចំការ​ប្រមូល​ផល​បាន​ប្រមាណ​ជិត​ចំនួន​ជាង ១.៧០០​ហិកតា ។​

​បច្ចុប្បន្ននេះ ប្រជាកសិករ​កំពុង​ស​ម្រុ​ក​ការ​ភ្ជួរ​រាស់​លើ​ការងារ​បង្កបង្កើនផល​ស្រូវ​រដូវប្រាំង​ឆ្នាំ​២០២០-២០២១ បាន​ប្រហែល​ជាង​១​ម៉ឺន​ហិកតា ក្នុងនោះ​មាន​ស្រូវប្រដេញទឹក​ប្រមាណ​ជាង ៧.០០០​ហិកតា និង​ប្រាំង​រនាម ជាង​៤.០០០​ហិកតា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close