បិទអគារកាណាឌីយ៉ាបណ្តោះអាសន្ន ក្រោយរកឃើញបុគ្គលិកម្នាក់ មានផ្ទុកវីរុសកូវីដ១៩
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសថា ក្រសួងសម្រេចឲ្យបិទអគារកាណាឌីយ៉ា ដែលមានទីតាំងជិតផ្លូវភ្លោះវត្តភ្នំ នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ក្នុងរយៈពេលខ្លីសិន បន្ទាប់ពីរកឃើញបុរសម្នាក់ជនជាតិខ្មែរ ជាបុគ្គលិកធនាគារចិនមានផ្ទុកមេរោគកូវីដ១៩។
លោកស្រី យក់ សម្បត្តិ បានថ្លែងថា កាលពីយប់មិញក្រសួង បានរកឃើញអ្នកផ្ទុកមេរោគកូវីដ១៩ លើបុរសជនជាតិខ្មែរម្នាក់ ជាបុគ្គលិកធនាគារចិន (Bank of China) ដែលការិយាល័យធនាគារចិននេះ មានទីតាំងនៅក្នុងអគារកាណាឌីយ៉ាតែម្តង ដូចេះ្នក្រសួងស្នើសុំបិទអគារបណ្តោះអាសន្ន ដើម្បីធ្វើការស្រាវជ្រាវអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល។ សូមបញ្ជាក់ថា បុរសជាបុគ្គលិកធនាគារចិនខាងលើនេះ មានទីលំនៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សូមជំរាបថា នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញប្រកាសឲ្យដឹងថា អ្នកជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដែលរកឃើញវិជ្ជមាន២នាក់៖
* បុរសជនជាតិខ្មែរអាយុ ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាបុគ្គលិកធនាគារចិន (កាណាឌីយ៉ា ផ្លូវមុនីវង្ស) ដែលបានប៉ះពាល់ជាមួយស្ត្រីអាយុ៣៦ឆ្នាំ ដែលរកឃើញវីរុសកូវីដ១៩ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ស្ត្រីរូបនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺ ត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូ វៀត រាជធានីភ្នំពេញ។
* ស្ត្រីជនជាតិខ្មែរអាយុ ២១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ត្រូវជាប្អូនស្រីបង្កើតបុរសខាងលើ) ជាបុគ្គលិកធនាគារកាឆេយូណាយធីត រាជធានីភ្នំពេញ។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ស្ត្រីនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺ ត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។