ព្រះសង្ឃ​គង់នៅ​វត្ត​អធ្វា សម្រេច​មិន​ឲ្យ​និមន្ដ​ចេញទៅ​ក្រៅ​ជា​បណ្ដោះអាសន្ន ដោយសារ​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា​

​ខេត្តសៀមរាប​៖ ព្រះគ្រូ​វិជ័យ​រង្សី បណ្ឌិត ឡា​ច លាង ព្រះ​អនុគណ​ក្រុង​សៀមរាប មាន​ថេរៈ​ដិ​កា​ថា អាជ្ញាធរខេត្ត និង អនុគណ​ក្រុង​សៀមរាប សម្រេច​មិន​អនុញ្ញាត​ឲ្យ​ព្រះសង្ឃ​គ្រប់​អង្គ​គង់នៅ​វត្ត​អធ្វា ក្នុង​ក្រុង​សៀមរាប និមន្ដ​ចេញ​ក្រៅ ឬ​ទទួល​ការ​និមន្ត​ទៅ​សូត្រមន្ត​ក្នុង​ពិធី​ផ្សេងៗ​នៅ​ខាងក្រៅ​ឡើយ បន្ទាប់ពី​គ្រួសារ​ដែលមាន​វិជ្ជមាន​កូ​វីដ ១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា បាន​ទៅរក​លោកយាយ​ចុងភៅ​ក្នុង​វត្ត ដើម្បី​ស្រោច​ទឹក និង ចង​អំ​បោះដៃ ទៅតាម​ជំនឿ​សាសនា​របស់​ខ្មែរ ព្រោះ​ដោយ​មើលឃើញ​ពី​បញ្ហា​ប្រឈម​នៃ​ការឆ្លង​ជំងឺ​កូ​វីដ ១៩ និង​ដើម្បី​បង្ការ​ទប់ស្កាត់​កុំ​ឲ្យ​មាន​ការរីក​រាលដាល​ធ្ងន់ធ្ងរ​ឆ្លង​ចូលក្នុង​សហគមន៍ ទើប​រដ្ឋបាល​ខេត្តសៀមរាប មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត សុំ​ផ្អាក​ព្រះសង្ឃ​ទាំង​២៦​អង្គ រយៈពេល​១៤​ថ្ងៃ មិនឱ្យ​និមន្ត​ចេញ​ក្រៅ រង់ចាំ​មានការ​ណែនាំ​ជាថ្មី បើទោះបីជា​បច្ចុប្បន្ននេះ ព្រះសង្ឃ​គ្រប់​អង្គ​មិនមាន​ឆ្លង​កូ​វីដ ១៩​នេះ​ក៏ដោយ ក៏ត្រូវ​អនុវត្តតាម​វិធានការ​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មួយកន្លែង តាម​ការណែនាំ​របស់​អា​ជ្ញា​ធរ​ខេត្ត និង​មន្ទីរ​សុខាភិបាល​ខេត្ត​ផងដែរ ។​

​ក្នុងឱកាស​នោះដែរ ព្រះគ្រូ​វិជ័យ​រង្សី បណ្ឌិត ឡា​ច លាង បាន​សំណូមពរ​ដល់​ព្រះសង្ឃ​នៅតាម​វត្ត​អារាម​នានា មិនគួរ​អនុញ្ញាត​ឲ្យ ភិក្ខុ សាមណេរ និមន្ដ​ចេញ​ក្រៅ ក្នុងករណី​មិនចាំបាច់ ហើយក៏​ត្រូវ​រៀបចំ​ឱ្យមាន​កន្លែង​ពិនិត្យ​សុខភាព ត្រូវមាន​ឧបករណ៍​វាស់​កំដៅ មាន​សាប៊ូ ជេ​ល​ឬ​អាល់កុល​សម្រាប់​លាង​សំអាត​ដៃ ត្រូវ​ពាក់​ម៉ាស ក្រ​ម៉ា និង​ត្រូវ​រក្សា​គម្លាត​បុគ្គល យ៉ាងតិច​ឱ្យបាន​១,៥០​ម​។​

​សូមបញ្ជាក់ថា ក្នុង​រយៈពេល​៣​ថ្ងៃ គឺ​ថ្ងៃទី​២៩ – ៣០ ខែវិច្ឆិកា និង​ថ្ងៃទី​០១ ខែធ្នូ សម្រាប់​អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា ក្នុង​ខេត្តសៀមរាប ចំនួន ៤៩០ នាក់ ដែល​បាន​យក​សំណាក​មក​ធ្វើតេស្ដ​រក​មេរោគ​កូ​វីដ​១៩ ហើយ​លទ្ធផល គឺ​អវិជ្ជមាន​ទាំងអស់ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close