នាយករដ្ឋមន្ត្រីថៃ បន្តមុខតំណែងដដែល បន្ទាប់ពីតុលាការជាន់ខ្ពស់ សម្រេចឲ្យរួចផុតពីការចោទប្រកាន់
ថៃ៖ តុលាការខ្ពស់បំផុតរបស់ប្រទេសថៃ នៅថ្ងៃពុធនេះ បានសំរេចអោយនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា រួចផុតពីការចោទប្រកាន់រំលោភក្រមសីលធម៌ ដូចមានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញ ដោយអនុញ្ញាតអោយលោកអាចបន្តនៅក្នុងមុខតំណែងដដែល នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០។
ការសម្រេចក្តីខាងលើនេះ បានកើតមានឡើងចំពេលលោក ប្រាយុទ្ធ ប្រឈមនឹងការតវ៉ាប្រឆាំងរាប់ខែមកហើយ ពីសំណាក់ចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យដឹកនាំដោយក្រុមនិស្សិត ដែលទាមទារអោយលោកចុះចេញពីតំណែងផងដែរ ដោយសារតែពួកគេយល់ឃើញថា លោកចូលកាន់តំណែងជានាយករដ្ឋមន្ត្រីស៊ីវិល តាមរយៈការបោះឆ្នោតដែលមានការរៀបចំទុកមុនមួយ ។
គួរបញ្ជាក់ថា តុលាការធម្មនុញ្ញរបស់ថៃបានសំរេចលើបណ្តឹងប្តឹងដោយគណបក្សប្រឆាំងភឿថៃ ដែលថា លោក ប្រាយុទ្ធ បានរំលោភច្បាប់ដោយសារតែបន្តនៅក្នុងផ្ទះយោធាមួយក្នុងបន្ទាយទាហាន ទោះជាលោកបានលាឈប់ពីមេបញ្ជាការកងទ័ពកាលពីខែកញ្ញា ឆ្នាំ២០១៤ហើយក្តី ។ បណ្តឹងចោទប្រកាន់ថា លោកបានរំលោភមាត្រាច្បាប់មួយចំនួនក្នុងរដ្ឋធម្មនុញ្ញ ដែលហាមនាយករដ្ឋមន្ត្រីទទួលបានផលប្រយោជន៍ពិសេសពីបណ្តាទីភ្នាក់ងាររដ្ឋ ឬ ក្រុមហ៊ុនសហគ្រាសដែលជាទំនាស់ផលប្រយោជន៍។ បើសិនជារដ្ឋមន្ត្រីណាម្នាក់ ត្រូវបានរកឃើញកំហុស ដូច្នេះមន្ត្រីនោះនឹងត្រូវដកសិទ្ធិ និងបង្ខំអោយចាកចេញពីមុខតំណែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។