រកឃើញ​ករណី​ឆ្លង​វីរុស​កូ​វីដ​១៩​ក្នុង​សហគមន៍ ៤​នាក់​នៅថ្ងៃនេះ​

​នៅ​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល​បានប្រកាស​ពី​ករណី​រកឃើញ​វិជ្ជមាន​កូ​វីដ​១៩​ទៅលើ​មនុស្ស​ចំនួន​៤​នាក់ ដែល​សុទ្ធសឹងតែ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​។​

​ករណី​ទាំង​៤​នោះ ១៖ បុរស​ជនជាតិខ្មែរ​អា​យុ ៣៩​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​បូរី លឹម ឈាង​ហាក់ សង្កាត់​វាល​ស្បូវ​ខណ្ឌ ច្បារអំពៅ រាជធានី​ភ្នំពេញ ជា​បុគ្គលិក​នៅ​ហាង​លក់​កុំព្យូទ័រ ឈ្មោះ ឌី​ម កុំព្យូទ័រ ផ្លូវ​ព្រះសីហនុ រាជធានី​ភ្នំពេញ ដែល​ត្រូវជា​បងថ្លៃ​ជីដូនមួយ​របស់​បុរស​អាយុ ២៣​ឆ្នាំ ដែល​បាន​រកឃើញ​មាន​វីរុស​កូ​វីដ​-១៩ នៅ​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០២០ កំពុងតែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

២៖ ស្ត្រីជន​ជាតិខ្មែរ​អាយុ ៣២​ឆ្នាំ ជា​ភរិយា​បុរស​អាយុ ៣៩​ឆ្នាំ​ខាងលើ មាន​អាសយដ្ឋាន​ស្នាក់នៅ បូរី លឹម ឈាង​ហាក់ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ដែល​ត្រូវជា​បងប្អូន​ជីដូនមួយ បុរស​អាយុ ២៣​ឆ្នាំ ដែល​បាន​រកឃើញ​វីរុស​កូ​វីដ​-១៩ នៅ​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០២០​។​

៣៖ កុមារា​ជនជាតិខ្មែរ​អា​យុ ០៣​ឆ្នាំ ត្រូវជា​កូនប្រុស បុរស​អាយុ ៣៩​ឆ្នាំ និង​ស្ត្រី​អាយុ​៣២​ឆ្នាំ ខាងលើ មាន​អាសយដ្ឋាន​ស្នាក់នៅ​បូរី លឹម ឈាង​ហាក់ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ដែល​ត្រូវជា​ក្មួយប្រុស​បុរស​អាយុ ២៣​ឆ្នាំ ដែល​បាន​រកឃើញ​វីរុស​កូ​វីដ​-១៩ នៅ​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ ២០២០​។​

៤៖ បុរស​ជនជាតិខ្មែរ​អា​យុ ២២​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជ ធានី​ភ្នំពេញ ជា​បុគ្គលិក​ហាង Pedro ផ្លូវ​ព្រះសីហនុ ជា​អ្នក​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​ជា​ស្ត្រី​អាយុ​២១​ឆ្នាំ ដែល​បាន​ចូលទៅ​ហាង​នោះ​។​

​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​នេះដែរ បើ​គិតពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ដល់​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០២០ ក្រសួងសុខាភិបាល បានធ្វើ​តេស្ត​អ្នក​ប៉ះពាល់​សរុប​ទាំងអស់​បាន​ចំនួន ៩,៧៩៣​នាក់ ដែល​នៅក្នុង​ចំនួន​នេះ មាន​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​-១៩​ថ្មី សរុប​ចំនួន ២៣​នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close