កម្ពុជា ចាប់ផ្តើម​ដឹកជញ្ជូន​ផ្លែស្វាយ​ស្រស់​ពី​កម្ពុជា ទៅ​ប្រទេស​ចិន ជា​លើកដំបូង​

ភ្នំពេញ​៖ ការចាប់ផ្តើម​ដឹកជញ្ជូន​ផ្លែស្វាយ​ស្រស់​ពី​កម្ពុជា ទៅកាន់​ប្រទេស​ចិន ត្រូវបាន​ចាប់ផ្តើម​ហើយ ដោយ​ក្រុមហ៊ុន ហ៊ុន​ទី នៅ​កម្ពុជា ​ដោយបាន​ពិនិត្យឃើញ​នូវ​ឱកាស​វិនិយោគ​លើ​វិស័យ​កសិកម្ម​កម្ពុជា ក្រុមហ៊ុន ហ៊ុន​ទី បានចាប់ផ្តើម​បោះទុន​វិនិយោគ លើ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម ការលាង​សំអាត ការ​វេច​ខ្ចប់ ការបង្កើត​ឃ្លាំង​ស្តុក​ត្រជាក់ និង​ការនាំចេញ ផលិតផល​កសិកម្ម​នៅ​កម្ពុជា កាលពី​ឆ្នាំ​២០១៧​។ កាលពីពេល​ថ្មីៗ​នេះ ក្រុមហ៊ុន ក៏បាន​សាកល្បង​ដឹកជញ្ជូន​ស្វាយ​ស្រស់​មួយ Container ដោយ​ត្រូវ​ដឹកជញ្ជូន​ឆ្លងកាត់​ប្រទេស​វៀតណាម​ទៅកាន់​ប្រទេស​ចិន​។

​តាម​ការបញ្ជាក់​របស់​ក្រុមហ៊ុន​នា កាលពី​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០២០ នេះ​បាន​ឲ្យ​ដឹងថា ក្រោយពី​បញ្ចប់​នៃ​ការសាងសង់ និង​ដំឡើង​ឧបករណ៍​សម្លាប់​សមាស​ភាព​ចង្រៃ​(​ពងរុយ​)​នៅក្នុង​ផ្លែស្វាយ​រួចរាល់​មក ក្រុមហ៊ុន​បានចាប់ផ្តើម​ដឹកជញ្ជូន​ស្វាយ​ពី​ចំការ​មក​សំអាត និង​វេច​ខ្ចប់ ដោយបាន​ចាប់ផ្តើម​បណ្តុះបណ្តាល​កម្មករ​ចំនួន ៧០ នាក់ ជាបឋម ដោយ​ត្រូវ​ប្រើប្រាស់​រយៈពេល​បី​ថ្ងៃ ដើម្បី​ដាក់បញ្ចូល​ទៅក្នុង​មួយ Container​។ ក្រុមហ៊ុន​មាន​ក្តី​សង្ឃឹមថា ក្រោយពី​ទទួលបាន​បទពិសោធន៍​ពី​ការលៀង​សំអាត និង​វិច​ខ្ចប់​ក្នុង​រយៈពេល​បី​ថ្ងៃ​កន្លងមកនេះ នឹង​ជួយ​ដល់​ក្រុមហ៊ុន​បង្កើនល្បឿន​នៃ​ការនាំចេញ​ផ្លែស្វាយ​ស្រស់​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​នាពេលខាងមុខ​។​

​សូមបញ្ជាក់ថា ពិធីសារ​រវាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​អគ្គ​រដ្ឋបាល​គយ​ចិន ស្តីពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការនាំចេញ​ផ្លែស្វាយ​ស្រស់​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​ត្រូវបាន​ចុះហត្ថលេខា​នៅ​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២០​។ ដោយឡែក ចំពោះ​វឌ្ឍនភាព​នៃ​ការអនុវត្ត​ពិធីសារ​នេះ យើង​ទទួលបាន​លទ្ធផល​ជា​បន្តបន្ទាប់​ដូចខាងក្រោម​៖
-​អគ្គនាយកដ្ឋាន​កសិក​ម្ម បានទទួល​ពាក្យស្នើសុំ​ចុះបញ្ជី​ចម្ការ​ស្វាយ និង​ទីតាំង​វេច​ខ្ចប់​សម្រាប់​នាំចេញ​ផ្លែស្វាយ​ស្រស់​កម្ពុជា​ទៅកាន់​ប្រទេស​ចិន ចំនួន​៤៨​ក្រុមហ៊ុន​/​ម្ចាស់​ចម្ការ​/​សហគមន៍​កសិកម្ម​។
-​ដំណាក់កាល​ទី​១: អគ្គនាយកដ្ឋាន​កសិក​ម្ម​បាន​ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ វាយតម្លៃ​លើ​កសិដ្ឋាន​ដែលមាន​សក្តានុពល​ខ្ពស់ និង​ស្របតាម​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​របស់​ប្រទេស​ចិន​ចំនួន​០៥ និង​ទីតាំង​វេច​ខ្ចប់​ដែល​បាន​សាងសង់​រួចរាល់​ចំនួន​០១ និង​បាន​ផ្ញើជូន GACC កាលពី​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២០​។​
-​ដើម្បី​បំពេញ​តាម​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​ឱ្យបាន​ល្អ សម្រាប់​ការនាំចេញ​ផ្លែស្វាយ​ស្រស់​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន អគ្គនាយកដ្ឋាន​កសិក​ម្ម បាននិងកំពុង​អនុវត្ត​សកម្មភាព​មួយចំនួន​នៅតាម​ទីតាំង​ចម្ការ​ដែល​បានដាក់​ពាក្យស្នើសុំ ឱ្យបំពេញ​បាន​នូវ​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​របស់​ប្រទេស​ចិន​។

សកម្មភាព​ទាំងនោះ​រួមមាន (១) បណ្តុះបណ្តាល​បច្ចេកទេស​ស្តីពី​ការអនុវត្ត​កសិកម្ម​ល្អ (២) បណ្តុះបណ្តាល​បច្ចេកទេស​ស្តីពី​ការគ្រប់គ្រង​សមាសភាព​ចង្រៃ (៣) បណ្តុះបណ្តាល​បច្ចេកទេស​ស្តីពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​នាំចេញ​ផ្លែស្វាយ​ស្រស់ (៤) អង្កេត​តាមដាន​និង​រៀបចំ​ប្រព័ន្ធ​ព្យាករណ៍​សមាសភាព​ចង្រៃ​នៅតាម​ចម្ការ​ដែល​បាន​ចុះបញ្ជី​នាំចេញ និង​(៥) ត្រួតពិនិត្យ គុណភាព និង​សុវត្ថិភាព​ដំណាំ​ស្វាយ​។

បន្ទាប់ពី​សកម្មភាព​ទាំង​៥​ខាងលើ បាន​ដំណើរការ​ចប់សព្វគ្រប់ ក្រុមការងារ​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម នឹង​វាយតម្លៃ​ចម្ការ​ស្វាយ​ដើម្បី​ចុះបញ្ជី​កសិដ្ឋាន​ការអនុវត្ត​កសិកម្ម​ល្អ និង​ចុះបញ្ជី​ជា​កសិដ្ឋាន​សម្រាប់​នាំចេញ​ស្វាយ​ទៅកាន់​ប្រទេស​ចិន រួច​ផ្ញើជូន​ភាគី​ចិន​ដើម្បី​ពិនិត្យ និង​វាយតម្លៃ​បញ្ចប់​ចុងក្រោយ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close