ករណី​ឃាតកម្ម​! សម្លាប់​ជនជាតិ​ចិន​ដូចគ្នា រួច​យក​សព​ទៅ​ញាត់​ក្នុង​រថយន្ត​

​ខេត្ត​ព្រះសីហនុ​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០ កម្លាំង​នគរបាល​ខេត្ដ​ព្រះសីហនុ បានទទួល​ព័ត៌មាន​ពី​ការប្រទះឃើញ​សាកសព ក្នុង​រថយន្ដ​ម៉ាក Highlander ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2AC-3012 ចត​ទុកចោល​នៅ​បណ្ដោយ​វិថី​លេខ​៨៣៥ ម្ដុំ​គោលដៅ​P12 ស្ថិត​ក្នុងភូមិ​៦ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ដ​ព្រះសីហនុ​។​

​ក្រោយពេល​ពិនិត្យ និង​កោសល្យវិច័យ ជា​លទ្ធផល​៖ សព ភេទ​ប្រុស ជា​ជន​ជាតិចិន (​មិន​ស្គាល់​អត្ដ សញ្ញាណ​) ស្លាប់ ដោយ​ករណី​ឃាតកម្ម​(​បាក់ក​ស្លាប់​)​។ រហូត​នៅវេលា​ម៉ោង​១០ និង​៣០​នាទី ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០២០ កម្លាំង​ជំនាញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ LI FENG ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ចិន ជា​សន្ដិសុខ​កាស៊ីណូ​ជៀវ​ឡុង​ជូរ ស្នាក់នៅ​កាស៊ីណូ​ជៀវ​ឡុង​ជូរ ស្ថិតក្នុង​ក្រុម​៨ ភូមិ​៦ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ដ​ព្រះសីហនុ ខណៈពេល​ជននេះ រួម​នឹង​បក្ខពួក​បម្រុង​គេចខ្លួន​ពី​កន្លែង​ស្នាក់នៅ​។

​ក្រោយពេល​សាកសួរ និង​តាម​ការចង្អុលបង្ហាញ​ពីសា​ក្សី ជនសង្ស័យ​ខាងលើ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី ឃាតកម្ម កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​០៤ និង​៣០​នាទី​ទៀបភ្លឺ នៅ​កាស៊ីណូ​ជៀវ​ឡុង​ជូរ ដោយ​រូបគេ និង​បក្ខពួក​បាន​យក​សាកសព ចុះ​ពី​ជាន់​លើ​នៃ​កាស៊ីណូ ចុះមក​ក្រោម​ដាក់ចូល​ក្នុង​រថយន្ដ​ម៉ាក High lander ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AC-3012 យកទៅ​ប្លុង​ចោល​។ លុះ​នៅវេលា​ម៉ោង​១៣ និង​០០​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល នគរបាល​ខេត្ដ បន្ដ​ប្រតិ​ប​ត្ដិ​ការ សហការ​ជាមួយ​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ ចុះទៅ​កាន់​ទីតាំង​កាស៊ីណូ​ជៀវ​ឡុង​ជូរ​(​កន្លែងកើតហេតុ​)​។​

​ជា​លទ្ធផល​សមត្ថកិច្ច បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ ជា​ជន​ជាតិចិន ក្នុងនោះ​មាន​៖ ១-​ឈ្មោះ Li Feng ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​សន្ដិសុខ​កាស៊ីណូ (​ជា​ចារី​), ២-​ឈ្មោះ Yu Yan Long ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​សន្ដិសុខ​កាស៊ីណូ (​ជា​សហចារី​) និង​៣-​ឈ្មោះ Tu Lin ភេទ​ស្រី អាយុ​៤៣​ឆ្នាំ មុខរបរ​អ្នកគ្រប់គ្រង​បុគ្គលិក​ជនជាតិ​ចិន​(​អ្នកសមគំនិត​)​។

​ចំណែក​សម្ភារៈ​វត្ថុតាង​ចាប់បាន រួមមាន​៖ រថយន្ដ​០១​គ្រឿង (​មធ្យោបាយ​ធ្វើ​សកម្មភាព​), ក្បាល​ឌី​វី​អ័​រ​២​គ្រឿង​, ហាត​ឌី​ស​១​គ្រឿង​, ទូរស័ព្ទដៃ​៣​គ្រឿង​, លិខិតឆ្លងដែន​២​ក្បាល​, កាបូបស្ពាយ​ពណ៌​ខ្មៅ​១ និង​រថយន្ដ​១​គ្រឿង​។​

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​សមត្ថកិច្ច​កំពុង​បំពេញ​នីតិវិធី ដើម្បី​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ដ​ចាត់ការ​បន្ដ​តាមផ្លូវ​ច្បាប់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close