ឥណ្ឌានឹងចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ របស់ក្រុមហ៊ុន អាមេរិក Pfizer
ក្រោយការធ្វើតេស្តមានប្រសិទ្ធភាពដល់ទៅជាង ៩៥% ហើយពេលនេះប្រទេសអង់គ្លេស ក៏បានក្លាយជាប្រទេសទីមួយដែលបានចាក់វ៉ាក់សាំងដល់ពលរដ្ឋរបស់ខ្លួន ។ នៅពេលនេះក្រុមហ៊ុន អាមេរិក Pfizer កំពុងស្នើសុំការចាក់ វ៉ាក់សាំងកូវីដ-១៩ បន្ទាន់នៅប្រទេសឥណ្ឌា ដែលជាប្រទេសមានករណីឆ្លងកូវីដ១៩ លំដាប់ទីពីរ លើពិភពលោក។
នៅពេលនេះ ក្រុមហ៊ុនឱសថអាមេរិក Pfizer បានដាក់ពាក្យស្នើសុំការប្រើប្រាស់បន្ទាន់ នូវវ៉ាក់សាំងប្រឆាំង COVID-19 របស់ខ្លួននៅក្នុងប្រទេសឥណ្ឌា ដែលជាប្រទេសមានប្រជាជន ច្រើនជាងគេលំដាប់ទី ២ នៅលើពិភពលោកគឺ ១.៣៨ពាន់លាននាក់។
នៅក្នុងបទសម្ភាសន៍តាមកញ្ចក់ទូរទស្សន៍ឥណ្ឌា NDTV កាលពីពេលថ្មីៗនេះ លោក វីខេ ផូល (VK Paul) ជាទីប្រឹក្សារដ្ឋាភិបាលឥណ្ឌា ទទួលបន្ទុកកម្មវិធីវ៉ាក់សាក់ COVID-19 បានប្រាប់ថា ក្រុមហ៊ុន Pfizer បានធ្វើទំនាក់ទំនងជាមួយអាជ្ញាធរឥណ្ឌា កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ។ លោក Paul បន្ថែមដូច្នេះថា «យើងស្វាគមន៍ចំណាប់អារម្មណ៍របស់ក្រុមហ៊ុន Pfizer ដែលចង់បានអាជ្ញាប័ណ្ណប្រើប្រាស់បន្ទាន់ នៅក្នុងប្រទេសរបស់យើង»។
គួរបញ្ជាក់តាមលោក VK Paul ឲ្យដឹងថា ជាធម្មតាឥណ្ឌាត្រូវការពេល ៩០ថ្ងៃ ដើម្បីធ្វើការសម្រេចចិត្តលើការស្នើសុំបែបនេះ ប៉ុន្តែការសម្រេចចិត្តលើវ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក Pfizer អាចនឹងធ្វើឡើងលឿនជាងនេះ។ គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ ឥណ្ឌាមានករណីឆ្លង COVID-19 សរុបជាង ៩.៦លានករណី ក្នុងនោះស្លាប់ ១៤ម៉ឺននាក់ និងជាសះស្បើយវិញ ៩.១លាននាក់។
ចំពោះវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនអាមេរិក Pfizer នេះត្រូវបានក្រុមអ្នកជំនាញអះអាងរួចទៅហើយថា មានប្រសិទ្ធភាពលើស ៩០ភាគរយ ហើយមិនមានការបារម្ភពីបញ្ហាសុវត្ថិភាពឡើយ។ បន្ថែមពីនេះ ចក្រភពអង់គ្លេសក៏បានក្លាយជាប្រទេសដំបូងគេ នៅលោកខាងលិច ដែលបានអនុញ្ញាតឱ្យប្រើប្រាស់ វ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិកមួយនេះ នៅក្នុងករណីបន្ទាន់រួចទៅហើយដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។