ក្រុមការងារ​ប្រតិកម្ម​រហ័ស បំភ្លឺ​ព័ត៌មាន​ថា «​អាជ្ញាធរ​ខេត្តកណ្តាល បើក​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេងល្បែង​ស៊ីសង​យ៉ាង​ពពាក់ពពូន មិន​ខ្លាច​ឆ្លង​ជំងឺ​កូ​វីដ​-១៩»!

​ខេត្តកណ្តាល​៖ ក្រោយពី​ទទួលបាន​នូវ​ព័ត៌មាន​នេះ ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល សូម​បដិសេធ​ទាំងស្រុង​នូវ​ខ្លឹមសារ​សារព័ត៌មាន​ខាងលើ​ដែល​បាន​ចុះផ្សាយ​។​ ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល អនុវត្ត​ទៅតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល​លេខ ២២៤​សខល ចុះថ្លៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្តីពី​ការអនុវត្ត​គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល ដើម្បី​បង្ការ និង​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​-១៩ ក្នុង​សហគមន៍ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​សេចក្តីណែនាំ​លេខ​០៦០ ស​ណន ចុះ​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០២០ ស្តីពី​ការទប់ស្កាត់​ការចម្លង​មេរោគ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍​ក្នុង​ខេត្តកណ្តាល ។​

​អនុវត្តតាម​អនុសាសន៍​របស់​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល ដោយមាន​ការសហការ​ពី​គណៈបញ្ជាការ​ឯកភាព​ស្រុក​/​ក្រុង ពាក់ព័ន្ធ​បាន​ចុះ​អប់រំ ណែនាំ និង​បញ្ឈប់​ល្បែង​កាស៊ីណូ ហ្គ្រេ​ន​ដ្រា​ហ្គ​ន​រី​សត និង​កាស៊ីណូ​កាឡាក់ស៊ី ព្រមទាំង KTV ក្លឹប​កំសាន្ត និង​ភោជនីយដ្ឋាន​ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាល ជា​បណ្តោះអាសន្ន បើសិនជា​ទីកន្លែង​ទាំងនោះ​មិន​អនុវត្ត​ទៅតាម​វិធានការ​របស់​ក្រសួងសុខាភិបាល និង​សេចក្តីជូនដំណឹង​របស់​រដ្ឋបាលខេត្ត ដើម្បី​បង្ការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។​

​អាស្រ័យហេតុនេះ សូមអ្នក​សារព័ត៌មាន និង​សាធារណជន​ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​មេត្តា​ជ្រាប​ជា​ព័ត៌មាន និង​កុំ​មានការ​ភាន់ច្រឡំ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close