រដ្ឋបាលខេត្តសៀមរាប ចុះណែនាំដល់ម្ចាស់ភោជនីយដ្ឋានទាំងអស់ អនុវត្តការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន
ខេត្តសៀមរាប៖ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះ ក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្តសៀមរាប មានមន្ត្រីមន្ទីរសុខាភិបាលខេត្ត មន្ទីរទេសចរណ៍ខេត្ត បានបន្តចុះណែនាំដល់ម្ចាស់ភោជនីយដ្ឋានទាំងអស់ ក្នុងក្រុងសៀមរាប ឱ្យអនុវត្តការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដោយក្នុងហាងនីមួយៗត្រូវមានការវាស់កម្តៅ ពាក់ម៉ាស់ ព្រមទាំងលាងដៃនឹងអាកុល ជែល និងសាប៊ូ ដើម្បីសម្លាប់មេរោគ និងរក្សាគម្លាតសុវត្ថិភាពឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ការអនុវត្តបែបនេះគឺជាចូលរួមក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ចូលសហគមន៍ ពិសេសក៏ជាការការពារខ្លួនឯងកុំឱ្យឆ្លងជំងឺកូវីដ១៩ផងដែរ។ ក្នុងករណី ម្ចាស់អាជីវកម្មដ្ឋានទាំងឡាយណាដែលពុំអនុវត្តតាមនោះ រដ្ឋបាលខេត្តនឹងធ្វើការផ្អាកដំណើរការឬផ្អាកដំណើរជាបណ្តោះអសន្ន។
ជាមួយគ្នានេះ រដ្ឋបាលខេត្ត និងអាជ្ញាធរគ្រប់ថ្នាក់ សំណូមយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាកុំភ្លេចនូវ ៣ចំណុច សាមញ្ញៗគឺ៖
1.កុំភ្លេចវិធានការពារពាក់ម៉ាស ឬក្រម៉ា
2.កុំភ្លេច ជែល អាកុល ឬលាងដៃនឹងសាប៊ូ
3.កុំភ្លេច រក្សាគម្លាតសុវត្ថិភាព និងចៀសវាងការជួបជុំលក្ខណៈទ្រង់ទ្រាយធំ។
រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ភោជនីយដ្ឋាន និងបងប្អូនប្រជាពលរដ្ឋទាំងអស់នឹងចូលរួមសហការទាំងអស់គ្នា ដើម្បីចូលរួមទប់ស្កាត់ និងអនុវត្តតាមវិធានការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។