ឯកឧត្តម គួច ចំរើន ចុះពិនិត្យមើលសកម្មភាពអ៊ុតបេទីមលើផ្លូវទាំង ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ បានចុះពិនិត្យមើលសកម្មភាពអ៊ុតបេទីមលើផ្លូវទាំង ៣៤ខ្សែក្នុងខេត្តព្រះសីហនុ ។
ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន បានធ្វើការណែនាំដល់ក្រុមហ៊ុនអ៊ុតបេទីមទាំង ០៣ក្រុមហ៊ុន ត្រូវបំពេញការងារប្រកាន់ភ្ជាប់នូវបរិមាណ គុណភាព និងសោភ័ណភាព តាមលក្ខណៈបច្ចេកទេស និងស្តង់ដារ ដើម្បីធានាការប្រើប្រាស់បានយូរអង្វែង សម្រាប់ការធ្វើ ដំណើររបស់បងប្អូនប្រជាពលរដ្ឋ អ្នកវិនិយោគ ភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកំសាន្តនៅក្នុងខេត្តព្រះសីហនុ មានភាពងាយស្រួល ។
បន្ទាប់ពីការចុះពិនិត្យការអ៊ុតបេទីម ឯកឧត្តម អភិបាលខេត្ត បានបន្តពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត នៅក្នុងក្រុងព្រះសីហនុ ដូចជាផ្លូវបំបែក ពីផ្លូវសេតេមកក្រោយអតីតមន្ទីរព័ត៌មាន ស្ថិតក្នុងសង្កាត់លេខ២ ដែលជាផ្លូវរំដោះការកកស្ទះចរាចរណ៍នៅតំបន់ផ្សារពាណិជ្ជកម្ម និងពិនិត្យមើលការសកម្មភាពការស្ថាបនាចាក់ផ្លូវបេតុងផ្លូវលេខ២០០ ស្ថិតនៅមុខស្ថានីយប្រេងឥន្ធនៈ Total ផ្លូវទៅផ្សារលើផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។