ចិនត្រៀមចាក់វ៉ាក់សាំង ប្រឆាំងកូវីដ១៩ដល់ពលរដ្ឋ ហើយបានបញ្ជូនវ៉ាក់សាំងទៅកាន់ឥណ្ឌូនេស៊ី
បើទោះបីចិនបានគ្រប់គ្រងការឆ្លងរាលដាលកូវីដ១៩ បានយ៉ាងល្អបំផុតប៉ុន្តែក្រសួងសុខាភិបាលចិន នៅតែឡើងគម្រោងចាក់បង្កាដល់ពលរដ្ឋនៅតំបន់ងាយរងគ្រោះជាងគេបំផុត។ បណ្តាខេត្តក្រុងក្នុងប្រទែសចិន បានបញ្ជារទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ដែលកំពុងតែសាកល្បងដំណាក់កាលចុងក្រោយ ទោះមិនទាន់មានលទ្ធផលជាផ្លូវការពីការធ្វើតេស្តក្តី ប៉ុន្តែប្រសិទ្ធភាពយ៉ាងល្អ ក្រោយការធ្វើតេស្តនៅប្រទេសមួយចំនួនដូច ឥណ្ឌូនេស៊ីនិងប្រេស៊ីល ។
នៅពេលនេះ រដ្ឋាភិបាលឥណ្ឌូនេស៊ី បានទទួលវ៉ាក់សាំងប្រឆាំងកូវីដ១៩ ដំបូងគេបង្អស់ផលិតដោយក្រុមហ៊ុនចិន Sinovac ។ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo កាលពីថ្ងៃទី៦ខែធ្នូបានឲ្យដឹងថា វ៉ាក់សាំងដំបូងរបស់ចិន បានបញ្ជូនដល់ឥណ្ឌូនេស៊ីហើយ ដើម្បីត្រៀមចាក់បង្ការដល់ពលរដ្ឋ ។
ប្រធានាធិបតីឥណ្ឌូនេស៊ីបញ្ជាក់នៅក្នុងកិច្ចប្រជុំអនឡាញថាប្រទេសរបស់លោកទទួលបានវ៉ាក់សាំង ១,២លានដូសពីក្រុមហ៊ុនឱសថចិន Sinovac ។ វ៉ាក់សាំងនោះត្រូវបានឥណ្ឌូនេស៊ីធ្វើតេស្តតាំងពីខែសីហាមកម្ល៉េះ ឃើញថាមានប្រសិទ្ធភាពនិងសុវត្ថិភាពល្អ។
សារព័ត៌មានChannel News Asia (CNA) បានដកស្រង់សំដីប្រធានាធិបតីJokowiបញ្ជាក់ថា រដ្ឋាភិបាល នឹងទទួលបានវ៉ាក់សាំង១,៨លានដូសបន្ថែមទៀតនៅក្នុងខែមករាឆ្នាំ២០២១។
វ៉ាក់សាំងរបស់ក្រុមហ៊ុនSinovac បានសាកល្បងដំណាក់កាលចុងក្រោយនៅក្នុងប្រទេស ប្រេស៊ីនិងតួកគីផងដែរ ហើយលទ្ធផលពីការធ្វើតេស្តនៅក្នុងប្រទេសប្រេស៊ីលនឹងត្រូវប្រកាសនៅពាក់កណ្តាលខែធ្នូនេះ។ ប្រធានាធិបតី ឥណ្ឌូនេស៊ីបន្តទៀតថា នៅក្នុងខែធ្នូឆ្នាំ២០២០នេះ ឥណ្ឌូនេស៊ីនឹងទទួលបានវត្ថុធាតដើម សម្រាប់ផលិតវ៉ាក់សាំង ១៥លានដូស និងវត្ថុធាតុដើមសម្រាប់ផលិត៣០លានដូសទៀតនៅខែមករាឆ្នាំ២០២១៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។