អាជ្ញាធរខេត្តសៀមរាប ព្រមានផ្អាកធ្វើអាជីវកម្មជាបណ្ដោះអាសន្ន នៅផ្លូវ៦០ម៉ែត្រ « អង្គរ-ឃ្យុងយូ »
ខេត្តសៀមរាប៖ ចំពោះអាជីវករណាដែលមិនបានអនុវត្តវិធានការការពារជំងឺកូវីដ១៩ និងអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមទាំងអស់
ក្នុងឱកាសចុះណែនាំដល់បងប្អូនអាជីករលក់ដូរនៅផ្លូវ៦០ម៉ែត្រ « អង្គរ-ឃ្យុងយូ » លោក នាក់ ណេរ៉ុន អភិបាលរងខេត្ដសៀមរាប បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្ត ពិសេសប្រជាពលរដ្ឋ និងអ្នកលក់ដូរនៅក្នុងតំបន់នេះ ត្រូវចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដូចជា ៖ ពាក់ម៉ាស់ , លាងដៃនឹងអាកុល ជែល និងសាប៊ូ , អង្គុយមានទទួលទានគម្លាតសុវត្ថិភាពឱ្យបានត្រឹមត្រូវ ដើម្បីកុំឲ្យមានការរីករាលដាលជំងឺកូវីដ១៩ចូលក្នុងសហគមន៍ក្នុងខេត្ដសៀមរាប ។
លោកអភិបាលរងខេត្ដសៀមរាប មានប្រសាសន៍ទៀតថា ក្រោយពីមានការណែនាំហើយនោះ បើសិនមានក្រុមអ្នកលក់ដូរទនៅតាមផ្លូវនោះ មិនអនុវត្ដតាមការណែនាំរបស់អាជ្ញាធរខេត្ដ ឬវិធានការនានារបស់ក្រសួងសុខាភិបាល ក្នុងការចូលរួមប្រយុទ្ធប្រឆាំជំងឺកូវីដ១៩នោះទេ កន្លែងលក់ដូរនោះអាចនឹងឲ្យផ្អាកធ្វើអាជីវកម្មជាបណ្ដោះអាសន្ន ។
សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៣៥០នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ចំនួន៣០៧នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៤៣នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។