សូម​ប្រុងប្រយ័ត្ន មេរោគ Facebook កំពុង​វាយប្រហារ​នៅ​កម្ពុជា​!

​ភ្នំពេញ​៖ នៅពេល​ថ្មីៗ​នេះ ក្រុមការងារ​បច្ចេកទេស​សង្កេតឃើញ​មាន​ករណី​ចម្លង​មេរោគ​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook ដែល​មេរោគ​នោះ មាន​ឈ្មោះថា “Bist du es im Video?” ជា​ភាសា​ខ្មែរ​មានន័យថា “​តើ​បុគ្គល​ក្នុង​វីដេអូ​នេះ ពិ​ជា​អ្នក​មែន​ទេ​?”​។
​មេរោគ​នេះ ត្រូវបាន​ចែករំលែក​តាមរយៈ​សារ Messenger នៃ​គណនី​មួយ​ទៅកាន់​គណនី​ផ្សេង​មួយទៀត និង​ស្ទើ​ពាសពេញ​គណនី​បណ្តាញ​សង្គម Facebook ក្នុង​ស្រទាប់​យុវវ័យ​កម្ពុជា​។​


​ដើម្បី​ឲ្យ​កាន់តែ​ងាយ​យល់ ក្រុមការងារ​សូម​ធ្វើការ​បរិយាយ​ពី ចេតនា និង​សកម្មភាព មេរោគ “Bist du es im Video?” ដូចខាងក្រោម ៖
– ដំបូង​ឡើយ​សង្កេតឃើញ​ការផ្ញើ​សារ​ភ្ជាប់​ជាមួយ​តំណ​ភ្ជាប់​វីដេអូ ពី​គណនី​អនាមិក ដែល​បង្ហាញ​ខ្លឹមសារ​ថា “​តើ​បុគ្គល​ក្នុង​វីដេអូ​នេះ ពិ​ជា​អ្នក​មែន​ទេ​?” និង​ករណី​មួយ ចំនួន​ជា​មិត្ត​ភ័ក្តិ ឬ​បុគ្គល​ដែល​ម្ចាស់​គណនី​ស្គាល់​។ តំណ​ភ្ជាប់​នោះ​មើលទៅ​ហាក់ដូចជា​រូបភាព ឬ​វីដេអូ YouTube ដូច្នេះ​ដែរ​
– ពេលដែល​អ្នកធ្វើការ​ចុច​លើ​រូបភាព ឬ​វីដេអូ ក្នុង​កម្មវិធី​សារ Messennger តំណ​ភ្ជាប់​នោះ​នឹង​នាំ​អ្នក​ទៅកាន់​គេហទំព័រ​មេរោគ ដែលមាន​សមត្ថភាព​លួច​យក​លេខ​សម្ងាត់ គណនី​បណ្តាញ​សង្គម​របស់​អ្នក ដោយ​វិធីសាស្ត្រ​បន្លំ​លួច (Phishing) ឬ​ចម្លង​មេរោគ (Malware)
– បន្ទាប់ពី​លួច​គណនី​ជនរងគ្រោះ មេរោគ​នេះ​នឹងធ្វើ​ការទាញយក​រូបភាព​ជន​គ្រោះ ដាក់បញ្ចូល​ក្នុង​រូបភាព ឬ​វីដេអូ អាសអាភាស ឬ​វីដេអូ​ផ្សេងៗ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា DeepFake ហើយ​ធ្វើការ​ចែករំលែក​បន្តទៅ​កាន់​មិត្ត​ភ​ក្រ​ដែលមាន​ក្នុង​គណនី ដោយ​ស្វ័យប្រវត្តិ​
– សកម្មភាព​បន្លំ​លួច​គណនី​ដូច​រៀបរាប់​ខាងលើ នឹង​បន្ត​ពី​គណនី​មួយ ទៅ​គណនី​មួយ​យ៉ាង​លឿន​។​

​ជាថ្មី​ម្តងទៀត នាយកដ្ឋាន​ព័ត៌មានវិទ្យា សូម​ក្រើនរំលឹក​ដល់​អ្នកលេង​បណ្តាញ​ទំនាក់ទំនង​សង្គម មេត្តា​មានការ​ប្រុងប្រយ័ត្ន ដោយ​ពុំ​ត្រូវធ្វើ​ការ​ចុច​លើ​តំណ​ភ្ជាប់​ដែល ពុំមាន​ប្រភព​ច្បាស់លាស់ និង​ត្រូវ​ជៀសវាង​ការផ្តល់​លេខ​សម្ងាត់​គណនី​ឲ្យ​ទៅ​នរណាម្នាក់ (​ត្រូវ​អង្កេត​មើល​អាសយដ្ឋាន​គេហទំព័រ មុន​វាយ​បញ្ចូល​លេខ​សម្ងាត់​)៕

​ប្រភព​៖ វេ​ប​សាយ​ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close