រថយន្តក្រឡុកស៊ីម៉ងត៍ បុកម៉ូតូអូសជិត២០ម៉ែត្រ កិនធ្លាយពោះយុវជនម្នាក់
ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បណ្តាលឲ្យយុវជនម្នាក់ ត្រូវរថយន្តក្រឡុកស៊ីម៉ងត៍ កិនធ្លាយពោះស្លាប់យ៉ាងអាណោចអាធម៌ នៅវេលាព្រឹក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចស្តុបចំការមន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូតែម្នាក់ឯង តាមបណ្តោយផ្លូវម៉ៅសេទុង ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកណ្តាលស្តុបចំការមន ស្រាប់តែរថយន្តក្រឡុកស៊ីម៉ងត៍ក្រុមហ៊ុន កែអេងខនគ្រីត មិនគោរពភ្លើងស្តុបក្រហម បានបើកបន្ថែមល្បឿន ពីកើតទៅលិចបុកម៉ូតូចំពីមុខពេញទំហឹង អូសប្រមាណជិត ២០ម៉ែត្រ កិនយុវជនរងគ្រោះចំពាក់កណ្តាលខ្លួន បណ្តាលឱ្យធ្លាយពោះវៀនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។
ជនរងគ្រោះដែលបានស្លាប់មាន អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង។ ចំណែកអ្នកបើករថយន្តបង្ក មានឈ្មោះ ស ហម អាយុ៣៦ឆ្នាំ មានស្រុកកំណើតឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង។
ករោយពេលកើតហេតុ ជំនាញបាននាំតៃកុងរថយន្ត យកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់។ ចំណែកសាកសពយកទៅរក្សាទុកនៅវត្តទឹកថ្លា រង់ចាំទំនាក់ទំនងក្រុមគ្រួសារសាច់ញាតិ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។