បើករថយន្ត​ទាំង​ស្រវឹង ក្រឡាប់​ស្លាប់​២​នាក់ និង​៥​នាក់​ទៀត រងរបួស​

​ភ្នំពេញ​៖ មនុស្ស​យ៉ាងហោចណាស់​២​នាក់ បាន​ស្លាប់ និង​៥​នាក់​រងរបួស​ធ្ងន់​ស្រាល ក្នុងករណី​បើកបរ​រថយន្ត ក្នុងស្ថានភាព​ស្រវឹង និង​ល្បឿន​លឿន បណ្តាល​ឲ្យ​ក្រឡាប់ កាលពី​ល្ងាច ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​វត្ត ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន លើផ្លូវ​ពី​ឃុំ​ស្រែ​ណូយ ទៅ​ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​

​នគរបាល​ចរាចរណ៍​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក​ខាងលើ ម៉ាក​Camry បា​ឡែ​ន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2S-1917 អ្នកបើកបរ​ឈ្មោះ ឡុង ភា (​ស្លាប់​) ភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅ​ភូមិ​វត្ត ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្តសៀមរាប ទិសដៅ​ពី​កើ​តទៅ​លិច ដឹក​មនុស្ស​ចំនួន​៦​នាក់​។​

​ជនរងគ្រោះ ១-​ឈ្មោះ ឡុង សុភាក់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ (​ស្លាប់​), ២-​ឈ្មោះ ជា កុសល់ ភេទ​ប្រុស អាយុ​១១​ឆ្នាំ (​របួសធ្ងន់​), ៣-​ឈ្មោះ ជា បរ​មី ភេទ​ប្រុស អាយុ​១១​ឆ្នាំ (​របួសស្រាល​), ៤-​ឈ្មោះ ពា ចិ​ត្រា ភេទ​ប្រុស អាយុ​៦​ឆ្នាំ (​របួសធ្ងន់​), ៥-​ឈ្មោះ ចាន់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ (​របួសស្រាល​), ៦-​ឈ្មោះ ចាន់ វីឡា ភេទ​ប្រុស អាយុ​១​ឆ្នាំ (​របួសស្រាល​)​។ អ្នក​ទាំង​៦​នាក់ នៅ​ភូមិ​វត្ត ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្តសៀមរាប​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close