វ៉ាក់សាំងកូវីដ១៩ នឹងចាក់លើប្រជាជន ១០០លាននាក់ នៅ១០០ថ្ងៃដំបូង នៃការចូលកាន់តំណែងលោក ចូ បៃដិន
អាមេរិក៖ ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក ចូ បៃដិន បានកំណត់គោលដៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់ប្រជាជនចំនួន១០០លាននាក់ក្នុងរយៈពេល១០០ថ្ងៃដំបូងរបស់លោកនៅក្នុងតំណែង និងការជម្រុញអោយបើកសាលារៀនឡើងវិញ ក៏ដូចជាការពង្រឹងវិធានការពាក់ម៉ាស់ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ។
ប្រធានាធិបតីជាប់ឆ្នោតអាមេរិករូបនេះ បានចូលរួមសន្និសីទសារព័ត៌មានមួយនៅរដ្ឋ ដេឡាវែល ដែលក្នុងអំឡុងពេលនោះ លោកបានណែនាំអគ្គរដ្ឋអាជ្ញារដ្ឋកាលីហ្វ័រនីញ៉ាលោក សាវីយើ បេសេរ៉ា ជារដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកស្រី រ៉ូឆែល វ៉ាលែនស្គី ជាប្រធានមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ CDC ។ លោក បៃដិន និយាយថា ១០០ថ្ងៃដំបូងរបស់ខ្ញុំ នឹងមិនអាចបញ្ចប់វីរុសកូរ៉ូណាបានទេ… ខ្ញុំមិនអាចសន្យាបានឡើយ។
លោកបន្តថា ១០០ថ្ងៃដំបូង យើងអាចផ្លាស់ប្តូរទិសដៅនៃជំងឺនេះ និងផ្លាស់ប្តូរជីវិតនៅសហរដ្ឋអាមេរិកឲ្យកាន់តែប្រសើរ។ លោក បៃដិន ក៏បានព្រមានដែរថា កិច្ចខិតខំប្រឹងប្រែងយកឈ្នះមេរោគនេះ អាចយឺតយ៉ាវ និងជាប់គាំង ប្រសិនបើសភាមិនបញ្ចប់កិច្ចពិភាក្សាទ្វេភាគី និងរកថវិកាជាបន្ទាន់ទេនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។