អ្នកបាត់ម៉ូតូ សូមទៅពិនិត្យរកម៉ូតូរបស់ខ្លួន នៅអធិការដ្ឋាននគរបាលក្រុងសៀមរាប
ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០នេះ លោកវរសេនីយ៍ទោ ដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋដែលបានបាត់កន្លងមក សូមមកពិនិត្យរកម៉ូតូរបស់ខ្លួន នៅអធិការដ្ឋាននគរបាលក្រុងសៀមរាប ដែលសមត្ថកិច្ចទើបបង្ក្រាប និងដកហូតបាន ពីទីតាំងបញ្ចាំក្នុងក្រុង ចំនួន២០គ្រឿង ប៉ុន្តែត្រូវភ្ជាប់មកជាមួយនូវឯកសារទិញម៉ូតូច្បាប់ដើម។ រីឯម៉ូតូដែលពុំទាន់មានម្ចាស់មកទទួល លោកនឹងធ្វើការស្រាវជ្រាវរកម្ចាស់បន្តទៀត។
លោកវរសេនីយ៍ទោ ដា ចំរើន បានបញ្ជាក់ទៀតថា កន្លងមក កងកម្លាំងការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តសៀមរាប បានសហការជាមួយ អធិការនគរបាលក្រុងសៀមរាប រួមនិងប៉ុស្តិ៍នគរបាលសង្កាត់ទឹកវិល និងនគរបាលសង្កាត់គោកចក បានចុះបង្ក្រាប និងដកហូតបានម៉ូតូខុសប្រក្រតីចំនួន ២០គ្រឿង ពីទីតាំងបញ្ចាំស្របច្បាប់ និងខុសច្បាប់ ចំនួន៣កន្លែង ស្ថិតក្នុងសង្កាត់គោកចក និងសង្កាត់ទឹកវិល ក្នុងក្រុងសៀមរាប។
ដូច្នេះតាមរយៈនេះ លោក សូមអំពាវនាវដល់ម្ចាស់ទីតាំងអាជីវកម្មទទួលបញ្ចាំទាំងអស់ ក្នុងក្រុងសៀមរាប សូមពិនិត្យ លើឯកសារកាន់កាប់ប្រើប្រាស់ និងអត្តសញ្ញាណ របស់បុគ្គលដែលយកម៉ូតូ ឬយានយន្តមកបញ្ចាំឲ្យបានត្រឹមត្រូវ ចៀសវាងពាក់ព័ន្ធនឹងបទល្មើស និងការចោទប្រកាន់ពីសមត្ថកិច្ច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។